(ប៉េកាំង)៖ ប្រជាជនចិនបាននាំគ្នាហៅប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថា «គីម កន្ធាត់ជំនាន់ទីបី» ហើយឥឡូវនេះក្រសួងការបរទេសចិនបានធ្វើការ Block (បិទជាអចិន្ត្រៃយ៍) មិនឲ្យប្រជាជនរបស់ខ្លួនធ្វើការវាយបញ្ចូល ពាក្យមាក់ងាយនេះនៅលើបណ្តាញអ៊ីនធឺណែតទៀតឡើយ បន្ទាប់ពីមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូបបានបង្ហាញពីភាពមិនពេញចិត្តចំពោះរឿងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
បន្ទាប់ពីក្រសួងការបរទេសសម្រេចចិត្តធ្វើការ Block មួយនេះដោយសម្អាងថាវាមិនត្រូវជាមួយនឹងការពិតមកការវាយបញ្ចូលឃ្លាស្វែងរកជាភាសាចិន «Jin San Pang» ដែលមានន័យថា «គីមកន្ធាត់ទីបី» នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ប្រទេសចិន Weibo ក៏ដូចជាគេហទំព័រចិន Baidu ឥឡូវនេះនឹងមិនបង្ហាញអ្វីទាំងអស់ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏អ្នកប្រើប្រាស់ដ៏វៃឆ្លាតមួយចំនួនដែលនៅតែព្យាយាមចង់ធ្វើការឌឺដងទៅលើមេដឹកនាំកូរ៉េខាងជើងបន្តទៀតនោះ បានប្តូរមកប្រើឃ្លាថា «គីម ម៉ាប់ ម៉ាប់ ម៉ាប់» វិញដើម្បីជៀសវៀងការ Block។
អ្នកនាំពាក្យក្រសួងការពារជាតិនៃប្រទេសចិនលោក Geng Shuang បានលើកឡើងថា «រដ្ឋាភិបាលចិននៅតែបន្តប្តេជ្ញាក្នុងការស្ថាបនាបរិយាកាស នៃការបញ្ចេញមតិយោបល់ដែលល្អប្រពៃដដែល ប៉ុន្តែពួកយើងសូមបដិសេធដាច់ខាតចំពោះការមាក់ងាយ និងចំអកឡកឡើយផ្សេងៗ ទៅកាន់មេដឹកនាំនៃគ្រប់បណ្តាប្រទេសជុំវិញពិភពលោក»។
គួរបញ្ជាក់ថាបើយោងតាមសារព័ត៌មានមួយរបស់ហុងកុង មន្រ្តីរដ្ឋាភិបាលកូរ៉េខាងជើងបានធ្វើការស្នើជាផ្លូវការសុំឲ្យការវាយបញ្ចូលឃ្លាស្វែងរក «គីម កន្ធាត់ទីបី» ខាងលើត្រូវបាន Block នៅក្នុងប្រទេសចិន ព្រោះតែពួកគេព្រួយបារម្ភថាមេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន អាចនឹងជ្រាបពីដំណឹងនេះ។ ពាក់ព័ន្ធនឹងរឿងនេះដែរប្រទេសចិនក៏ធ្លាប់បាន Block នូវឃ្លាបែបឌឺដងមួយចំនួនទៀតផងដែររួមមាន «ជ្រូកជំនាន់ទីបី» ជាដើម៕