(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងថាលោកអាចនឹង ដើរតាមគន្លងរុស្ស៊ីដើម្បីដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC និងថែមទំាងបានរិះគន់បណ្ដាប្រទេសលោកខាងលិចដែលបានថ្កោលទោសក៏ដូចជារិះគន់ សង្រ្គាមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនរបស់លោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅមុននេះបន្តិចនា រសៀល ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសុន្ទរកថា មុនចេញដំណើទៅរួមកិច្ចប្រជុំ APEC ក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ លោក ឌូធើតេ នៅតែប្រើវោហាស័ព្ទប្រឆំាងនឹងសហរដ្ឋអាមេរិក ព្រមទំាងបានអះអាងទៀតថាបើសិនជាចិននិងរុស្ស៊ី បង្កើត «ស្ថាប័នថ្មីមួយ» នោះហ្វីលីពីននឹងក្លាយជាប្រទេសទីមួយដែលចូលរួមជាមួយប្រទេសទំាងពីរនេះ ដែលសុទ្ធសឹងជាគូប្រជែងផ្នែកយុទ្ធសាស្ត្រដ៏ធំជាមួយទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថាកាលពីថ្ងៃពុធម្សិលមិញ ពោលគឺនៅបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិរិះគន់ទៅលើការគ្រប់ គ្រងរបស់រុស្ស៊ីលើតំបន់គ្រីមា ទីក្រុងមូស្គូបានប្រតិកម្មភ្លាមៗ តាមរយៈការបង្ហាញពីបំណងចង់ដកខ្លួនចេញ ពីតុលាការអន្តរជាតិមួយនេះដោយសំអាងថាគ្មានឯករាជ្យភាព។ ក្រៅពីរុស្ស៊ី ប្រទេសហ្គាំប៊ី អាហ្រិ្វកខាងត្បូង និងប៊ូរុនឌីក៏ធ្លាប់បានប្រកាសផងដែរពីឆន្ទៈដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់មួយនេះ៕