(សេអ៊ូល)៖ ប្រទេសចិនកំពុងរៀបចំរាល់វិធានការចាំបាច់ទាំងអស់រួមទាំង យន្ដការការទូត និងយោធា ដើម្បីឆ្លើយតប ទៅនឹងគំរោងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង។ នេះបើតាមអតីតមន្រ្តីទូតចិន និងជាអ្នកជំនាញផ្នែកកិច្ចការកូរ៉េដែលចុះផ្សាយដោយសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងសិក្ខាសាលារៀបចំឡើងនៅឯសាកលវិទ្យាល័យមួយក្នុងទីក្រុងស៊ូវ៉ុន នៃភាគខាងត្បូងទីក្រុង សេអ៊ូល លោក Yang Xiyu បានគូសបញ្ជាក់ថា «នឹងមិនមានអ្នកឈ្នះឡើយនៅក្នុងការរត់ប្រណាំងសព្វាវុធដូចជាការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង។ យើងគ្រប់គ្នាសុទ្ធតែបានយល់ពីការព្រួយបារម្ភរបស់ទីក្រុងសេអ៊ូល ក៏ប៉ុន្តែការសម្រេចចិត្តបែបនេះអាចនឹងអូសទាញឱ្យមហាអំណាចធំៗចូលរួមក្នុងជម្លោះនៅឧបទ្វីកូរ៉េដោយមិនដឹងខ្លួន ខណៈចិនកំពុងរៀបចំរាល់វិធានការចាំបាច់គ្រប់មធ្យោបាយរួមទាំងយន្ដការការទូត និងយោធាប្រឆាំងនឹងគំរោងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD»។
គួររំលឹកថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានប្រកាសពីគំរោងដាក់ពង្រាយ THAAD កាលពីខែកក្កដា ដោយអះអាងថាវាគ្រាន់តែជាវិធានទប់ស្កាត់ ការគម្រាមកំហែងពីសំណាក់មីស៊ីលកូរ៉េខាងជើង ប៉ុន្តែទោះជា យ៉ាងណាចិននៅតែប្រកាន់ជំទាស់ ត្បិតអីទីក្រុងប៉េកាំងយល់ថាវាអាចនឹងប៉ះពាល់ដល់សន្តិសុខរបស់ខ្លួន និងមានតែធ្វើឱ្យមានអស្ថរភាពនៅក្នុងតំបន់តែប៉ុណ្ណោះ៕