(ព្រុចសែល)៖ អ្នកសារព័ត៌មានតួកគីម្នាក់បាននិយាយថានយោបាយអន្តរជាតិ និងសន្តិសុខរបស់សហភាព អឺរ៉ុបគឺនៅស្ទើរខ្លាំងណាស់បើធៀបទៅនឹង សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីស្របពេលទំនាក់ទំនងរវាអឺរូបនិងតួកគី រឹតតែឃ្លាតឆ្ងាយពីគ្នាលើសពេលណាៗទាំងអស់ ដោយសារតែការជជែកដេញដោលលើការចូលជាសមាជិកសហភាពអឺរ៉ុបរបស់ទីក្រុងអង់ការ៉ា ក៏ដូចជាការរិះគន់លើវិធានការបង្រ្កាបលើអ្នកធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោក Erdogan។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមអ្នកសារព័ត៌មានជើងចាស់តួកគី លោក Gulderen Sonumut បណ្ដាប្រទេសជាច្រើននៅអឺរ៉ុបភាគច្រើនរំពឹងថាលោកស្រី គ្លីនតុន នឹងក្លាយជាប្រធានាធិបតីអាមេរិក ប៉ុន្តែផ្ទុយទៅវិញជ័យជម្នះរបស់លោក ត្រាំ បានធ្វើឱ្យពួកគេមានការព្រួយបារម្ភរហូតដល់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស។ លោក Gulderen បានឱ្យដឹងទៀតថា «បច្ចុប្បន្នសហភាពអឺរ៉ុបហាក់ដូចជាមានភាពទន់ខ្សោយទំាងនយោបាយនិងសេដ្ឋកិច្ច រួមទំាងផ្នែកសន្តិសុខបើធៀបទៅនឹងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលកំពុងប្រើឥទ្ធិពលរបស់ខ្លួនដើរតួជាអ្នកការពារសន្តិសុខនៅលើឆាកអន្តរជាតិ។ ចំណែកឯសហភាពអឺរ៉ុបវិញមិនអាចធ្វើដូចនេះបានទេ ដោយថែមទំាងគ្មានឆន្ទៈនយោបាយគ្រប់គ្រាន់ ឬធនធានចាំបាច់ដើម្បីធ្វើដូចអាមេរិក និងរុស្ស៊ី»។
សូមជំរាបថាបើតាមលោក Gulderen Sonumut បើទោះជាទំនាក់ទំនងរវាងតួកគី និងសហភាពអឺរ៉ុបមានភាពតានតឹងយ៉ាងណាក៏ដោយក៏ភាគីទំាងពីរទំនងជាមិនអាចផ្ដាច់សម្ព័ន្ធភាពទាំងស្រុងបានដែរ ព្រោះតួកគីនៅតែជាដៃគូដ៏សំខាន់សម្រាប់សហភាពអឺរ៉ុបក្នុងការផ្លាស់ប្ដូរព័ត៌មានសម្ងាត់ វិស័យសន្តិសុខ និងជនភៀសខ្លួន៕