(អាមេរិក)៖ បាតុកម្មប្រឆាំងលោក ដូណាល់ ត្រាំ ឈានចូលដល់ថ្ងៃទី៨ហើយ នៅតាមទីក្រុងសំខាន់ៗជា ច្រើនរបស់សហរដ្ឋអាមេរិក ខណៈសិស្សសាលារាប់រយនាក់មកពីវិទ្យាល័យក្នុងទៅក្រុងវ៉ាស៊ីនតោន និងញូយ៉ក ក៏បានប្រមូលផ្តុំគ្នាកាលពីដើមសប្តាហ៍នេះ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងលោក ដូណាល់ ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាមេរិកដោយសន្តិវិធី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្រាប់បាតុកម្មនៅថ្ងៃទី៥ ត្រូវបានមន្ត្រីប៉ូលិសទីក្រុង Portland អះអាងថាបានប្រព្រឹត្តទៅដោយសន្តិវិធី មិនមានអំពើហិង្សាអ្វីធ្ងន់ធ្ងរកើតនោះទេ ប៉ុន្តែបាតុករសរុបជាង១០០នាក់ហើយនៅទីក្រុងភាគពាយ័ព្យប្រទេសមួយនេះត្រូវបានចាប់ខ្លួន។ ដោយឡែកការធ្វើបាតុកម្មឈានចូលដល់ថ្ងៃទី៦ និងទី៧ក្រុមសិស្សវិទ្យាល័យត្រូវបានប៉ូលិសអនុញ្ញាតឲ្យប្រមូលផ្តុំនៅពីមុខ City Hall ដែលវាក៏បានប្រព្រឹត្តទៅដោយសន្តិវិធីផងដែរ។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ បាតុកម្មបាននិងកំពុងបន្តធ្វើឡើងនៅក្នុងទីក្រុងសំខាន់ដូចជា ញូយ៉ក ឈីកាហ្គូ សាន់ហ្រ្វាន់ស៊ីស្កូ ឡូសអាន់ជឺឡែស ហ្វីឡាឌែហ្វយ៉ា និង ទីក្រុងផតលែន ប៉ុន្តែបាតុកម្មទ្រង់ទ្រាយធំមួយត្រូវបានក្រុមបាតុករប្រកាសថានឹងធ្វើឡើងនៅថ្ងៃទី២០ ខែមករា ជាពេលដែលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីជាផ្លូវការ៕