Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី ចង់ឱ្យអាវុធរបស់អ៊ុយក្រែនពាក់កណ្តាលផលិតនៅក្នុងស្រុកផ្ទាល់ (Video inside)

17-07-2025 15:40

(កៀវ)៖ កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រូបលោកសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់លោកដែលទើបត្រូវបានធ្វើការរុះរើ នឹងចាត់វិធានការដើម្បីជំរុញបរិមាណសព្វាវុធរបស់អ៊ុយក្រែន ដែលផលិតក្នុងស្រុកផ្ទាល់ អាចកើនដល់៥០ភាគរយក្នុងរយៈពេល៦ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសប្តាហ៍នេះ លោក ហ្សេលេនស្គី បានរុះរើគណៈរដ្ឋមន្រ្តី ដោយតែងតាំងឧបនាយករដ្ឋមន្រ្តីទី១ គឺលោកស្រី Yulia Svyrydenko ដែលជាបុគ្គលដ៏សំខាន់ នៅពីក្រោយកិច្ចព្រមព្រៀងរ៉ែជាមួយអាមេរិក ឱ្យធ្វើជានាយករដ្ឋមន្រ្តីថ្មី ខណៈនាយករដ្ឋមន្រ្តី ដែលត្រូវចាកចេញពីតំណែង គឺលោក Denys Shmyhal ត្រូវបានផ្លាស់ឱ្យទៅដឹកនាំក្រសួងការពារជាតិវិញ។ ការរុះរើរដ្ឋាភិបាលនេះ ដែលតម្រូវឱ្យមានការអនុម័តពីសភា គឺកើតឡើងស្របពេលដែល កិច្ចប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្រ្គាម ជាមួយរុស្ស៉ីបានជួបគាំង និងខណៈដែលអ៊ុយក្រែនព្យាយាមស្តារសេដ្ឋកិច្ចរបស់ខ្លួន និងកសាងឧស្សាហកម្មសព្វាវុធក្នុងស្រុក។

លោក ហ្សេលេនស្គី បាននិយាយថា «អាវុធផលិតដោយអ៊ុយក្រែនផ្ទាល់ នាពេលនេះគឺស្មើនឹង៤០ភាគរយ នៃសព្វាវុធដែលកំពុង​ប្រើប្រាស់ នៅតាមសមរភូមិមុខនិងក្នុងប្រតិបត្តិការរបស់យើង។ វាគឺច្រើនខ្លាំងរួចស្រេចទៅហើយ ធៀបនឹងពេលផ្សេងៗទៀតចាប់តាំងពីប្រទេសយើងទទួលបានឯករាជ្យ។ ទំហំនៃការផលិតពិតជាធំមែន ប៉ុន្តែយើងត្រូវការបន្ថែមទៀត។ គោលដៅរបស់យើង គឺសម្រេចឱ្យបាន៥០ភាគរយ នៃអាវុធផលិតដោយអ៊ុយក្រែន ក្នុងរយៈពេល​៦ខែដំបូងនៃរដ្ឋាភិបាលថ្មី តាមរយៈការពង្រីកការផលិតក្នុងស្រុករបស់យើង។ ខ្ញុំមានភាពជឿជាក់ថា វាជារឿងអាចទៅរួច ទោះបីមិនងាយស្រួលក៏ដោយ»

គួរបញ្ជាក់ថា ជាយូរមកហើយ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការបង្កើនការផលិតសព្វាវុធនៅក្នុងស្រុក ក៏ដូចជាការបង្កើតការផលិតសព្វាវុធរួមគ្នា ជាមួយដៃគូលោកខាងលិចរបស់អ៊ុយក្រែន។ ឧស្សាហកម្មផលិតអាវុធក្នុងស្រុក បានផ្តោតលើការផលិតយន្តហោះដ្រូន និងការផ្តល់សមត្ថភាពការពារដែនអាកាស ដើម្បីទប់ទល់ការវាយប្រហារកាន់តែខ្លាំងឡើង​ដោយដ្រូននិងមីស៉ីលរបស់រុស្ស៉ី មកលើទីក្រុងនានារបស់អ៊ុយក្រែន។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក ហ្សេលេនស្គី ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារសំខាន់ នៃការអភិវឌ្ឍយន្តហោះដ្រូនប្រភេទស្ទាក់ចាប់ ដើម្បីជាមធ្យោបាយសមស្របមួយ ក្នុងការទប់ទល់ជាមួយការបាញ់បញ្ចូនដ្រូនម្តងៗរាប់រយគ្រឿងពីរុស្ស៉ី។ កាលពីសប្តាហ៍មុន អាជ្ញាធរយោធានៃ​ទីក្រុងកៀវ បានប្រកាសបែងចែកថវិកាចំនួន៦.២លានដុល្លារ សម្រាប់កម្មវិធីអភិវឌ្ឍដ្រូនស្ទាក់ចាប់ ដើម្បីការពារដែនអាកាសរបស់​រដ្ឋធានីអ៊ុយក្រែន ពីការវាយប្រហារដោយដ្រូនរបស់រុស្ស៉ី៕