Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឱ្យស៉ើបអង្កេតឡើងវិញ លើករណីមនុស្សសង្កត់គ្នាស្លាប់ជិត១៦០នាក់ អំឡុងបុណ្យ Halloween ឆ្នាំ ២០២២ (Video inside)

17-07-2025 14:58

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបញ្ជាឱ្យបង្កើតក្រុមការងារស៉ើបអង្កេតថ្មីមួយ ដោយមានការចូលរួមពីប៉ូលិស និងរដ្ឋអាជ្ញា ដើម្បីពិនិត្យករណីហ្វូងមនុស្សសង្កត់គ្នាស្លាប់ អំឡុងបុណ្យ Halloween ឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ ២០២៥។

អ្នកនាំពាក្យប្រធានាធិបតី លោកស្រី Kang Yu-jung បានប្រាប់សន្និសីទសារព័ត៌មានថា បទបញ្ជារបស់លោក Lee កើតមានឡើង នៅពេលដែលលោកបានជួបក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះមហន្តរាយធំៗនាពេលកន្លងទៅ និងដែលមានសមាជិកបានស្លាប់អំឡុងបុណ្យ Halloween កាលពីឆ្នាំ ២០២២។

តាមអ្នកនាំពាក្យដដែល លោក Lee បាននិយាយថា ក្រុមស៉ើបអង្កេតថ្មីនឹងធ្វើការជាមួយគណៈកម្មាការពិសេសមួយ ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំមុន ដើម្បីពិនិត្យករណីនេះ។ អ្នកតំណាងគ្រួសារជនរងគ្រោះ បាននិយាយថា កំណត់ត្រារបស់ប៉ូលិស និងព័ត៌មានទាក់ទងនឹងការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះហេតុការណ៍នោះ ត្រូវបានបដិសេធមិនផ្តល់ឱ្យ គណៈកម្មាធិការពិសេស។

គួរបញ្ជាក់ថា មនុស្សចំនួន ១៥៩នាក់បានស្លាប់ ដោយសារតែមានការប្រជ្រៀតគ្នា នៅឯសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល ដើម្បីប្រារព្ធបុណ្យ Halloween៕