(លីម៉ា)៖ មនុស្សយ៉ាងហោចណាស់ ០៨នាក់បានបាត់បង់ជីវិត និង១៣នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងហេតុការណ៍ឆេះរោងកុនមួយកន្លែង ដែលស្ថិតនៅក្បែរសណ្ឋាគារ នៃទីក្រុងលីម៉ា ដែលជាកន្លែងថ្នាក់ដឹកនាំប្រទេសមួយចំនួន នឹងទៅចូលរួមកិច្ចប្រជុំ APEC ដោយរួមបញ្ចូលទាំងប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ផងនោះគ្រោងនឹងស្នាក់នៅ។ នេះបើយោងតាមប៉ូលិសនៅក្នុងតំបន់កើតហេតុ ដែលចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នកនាំពាក្យប៉ូលិសប្រចាំតំបន់ Miraflores នៃទីក្រុងលីម៉ា បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន០៨នាក់ត្រូវគេរកឃើញថាបានស្លាប់បាត់បង់ជីវិត និង១៣នាក់ផ្សេងទៀតបានបាត់ខ្លួននៅក្នុងការឆេះរោងកុនមួយកន្លែងដែលស្ថិតនៅទល់មុខសណ្ឋាគារ Mirriott ដែលគណៈប្រតិភូអាមេរិកបានគ្រោងនឹងស្នាក់នៅសម្រាប់ការចូលរួមកិច្ចប្រជុំកំពូលសេដ្ឋកិច្ច APEC ហើយមូលហេតុដែលបានបណ្តាលឲ្យមានជាអគ្គិភ័យឆាបឆេះឡើងនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា កំពុងស្ថិតនៅក្នុងទីក្រុងប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ ដើម្បីបំពេញដំណើរទស្សនកិច្ចជាលើកចុងក្រោយមកកាន់បណ្តាប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប ហើយបន្ទាប់ពីនោះលោកនឹងមកកាន់ប្រទេសប៉េរូ ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC ជាលើកចុងក្រោយផងដែរ៕