EU នៅមិនទាន់អាចសម្រេចបានកញ្ចប់ទណ្ឌកម្មទី ១៨ ប្រឆាំងរុស្ស៉ី (Video inside)
17-07-2025 11:55
(ព្រុចសែល)៖ អ្នកការទូតចំនួន ៤នាក់របស់សហភាពអឺរ៉ុប (EU) បានឱ្យដឹងថា EU បានបរាជ័យសម្រាប់ថ្ងៃទីពីរនៃកិច្ចប្រជុំ ដើម្បីអនុម័តកញ្ចប់ទណ្ឌកម្មទី ១៨ប្រឆាំងរុស្ស៉ី ខណៈប្រទេសស្លូវ៉ាគី បន្តស្វែងរកសម្បទានលើបញ្ហាផ្គត់ផ្គង់ឧស្ម័ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ ២០២៥។
ស្លូវ៉ាគី បានវេតូការអនុម័តលើការដាក់ទណ្ឌកម្ម អំឡុងកិច្ចប្រជុំនៃឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស EU ខណៈប្រទេសម៉ាល់តា ក៏បានលើកការជំទាស់ផងដែរ។ រដ្ឋាភិបាលស្លូវ៉ាគីនិយាយថា ខ្លួននឹងមិនយល់ព្រមទេ មុនពេលទទួលបានការធានាបន្ថែម ថាស្លូវ៉ាគីមិនរងគ្រោះដោយសារតែផែនការដាច់ដោយឡែករបស់ EU ក្នុងការឈប់ប្រើប្រាស់ឧស្ម័នរុស្ស៉ី នាចុងឆ្នាំ ២០២៧។ ផែនការនោះ ចាំបាច់ត្រូវអនុម័តនៅក្នុង EU ដោយប្រទេសភាគច្រើន មានន័យថា ស្លូវ៉ាគីតែម្នាក់ឯងមិនអាចវេតូបានឡើយ។ ប៉ុន្តែទណ្ឌកម្មទី ១៨ទាមទារឱ្យមានការឯកភាពគ្នា។ នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Fico និយាយថា ដំណោះស្រាយល្អបំផុត គឺនោះគឺលើកលែងឱ្យស្លូវ៉ាគីទិញឧស្ម័នរុស្ស៉ី ដើម្បីបំពេញកុងត្រាដល់ឆ្នាំ ២០៣៤។
គួរបញ្ជាក់ថា ស្លូវ៉ាគី ត្រូវបានគេស្គាល់ថាជាប្រទេសដែលនៅបន្តទិញឧស្ម័នពីរុស្ស៉ី និងតែងតែងគាំទ្ររុស្ស៉ីជុំវិញបញ្ហាអ៊ុយក្រែន៕