Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចៅក្រម ICC ទាត់ចោលសំណើរបស់អ៉ីស្រាអែលទាមទារឱ្យលុបចោលដីកាចាប់ខ្លួនលោក Netanyahu​ (Video inside)

17-07-2025 10:07

(ឡាអេ)៖ ចៅក្រមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅថ្ងៃពុធ ទី១៦ ខែកក្កដា បានច្រានចោលសំណើរបស់អ៉ីស្រាអែលដែលទាមទារឱ្យលុបចោលដីកា ចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ខណៈ ICC កំពុងត្រួតពិនិត្យឡើងវិញលើការតវ៉ា របស់អ៉ីស្រាអែលប្រឆាំងនឹងយុត្តាធិការរបស់តុលាការលើការប្រព្រឹត្តរបស់ខ្លួននៅក្នុងសង្រ្គាមហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការសម្រេចចិត្តមួយចេញផ្សាយលើគេហទំព័រ ICC ចៅក្រុមក៏បានច្រានចោលផងដែរសំណើមួយរបស់អ៉ីស្រាអែលដែលទាមទារឱ្យផ្អាកការស៊ើបអង្កេត របស់ ICC លើការចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មឃោរឃៅនៅក្នុងដែនដីប៉ាឡេស្ទីន។ ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងលោក Yoav Gallant រួមទាំងមេដឹកនាំហាម៉ាសឈ្មោះ Ibrahim al-Masri ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងសង្រ្គាមហ្កាហ្សា។

តុលាការអន្តរជាតិមួយនេះ កាលពីខែកុម្ភៈកន្លងទៅ បាននិយាយថាចៅក្រមបានលុបចោលដីកាចាប់ខ្លួនមេដឹកនាំហាម៉ាសលោក al-Masri ឬគេស្គាល់ថា Mohammed Deif ក្រោយមានសេចក្ដីរាយការណ៍គួរឱ្យជឿទុកចិត្តបានថារូបលោកត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា អ៉ីស្រាអែលមិនបានទទួលស្គាល់យុត្តាធិការរបស់ ICC នោះទេ ហើយក៏បានបដិសេធការចោទប្រកាន់ជុំវិញការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមផងដែរ៕