(វ៉ាស៊ីនតោន)៖ លោក Melvin Laird អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិកនៅក្នុងជំនាន់ប្រធានាធិបតីទី ៣៧ នៃសហរដ្ឋអាមេរិកលោក Richard Nixon ដែលជាអ្នកចូលរួម ចំណែកយ៉ាងធំធេងក្នុងការដកកងទ័ព​អាមេរិកចេញពីសង្រ្គាមនៅក្នុងប្រទេសវៀតណាម តាមរយៈគោលនយោបាយលោកផ្ទាល់មានឈ្មោះថា «Vietnamization» ត្រូវបានក្រុមគ្រួសារលោកបញ្ជាក់មកថា នៅថ្ងៃព្រហស្បតិ៍នេះលោកបានទទួល​មរណភាពហើយក្នុងវ័យ ៩៤ឆ្នាំនៅរដ្ឋផ្លូរីដា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Laird ធ្លាប់បានកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិចាប់ពីឆ្នាំ១៩៦៩ ដល់ ឆ្នាំ១៩៧៣ អំឡុងពេលដែលសង្រ្គាមវៀតណាមបានបង្កឲ្យមាន ការធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំជាច្រើននៅ​សហរដ្ឋអាមេរិក ហើយជាងនេះទៅទៀតសង្រ្គាមដែលកាលនោះ បានហែកហួរប្រទេសវៀតណាម​ជាពីរចំណែកបានបណ្តាលឲ្យអាមេរិក ខាតបង់ធនធានហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ និងបានបាត់បង់កម្លាំងទ័ព​របស់ខ្លួនរាប់ម៉ឺននាក់នៅក្នុងសង្រ្គាមបរទេសមួយនេះ។

គួរបញ្ជាក់ថាលោក Melvin Laird បានប្រើប្រាស់ពាក្យ «Vietnamization» កាលពីឆ្នាំ១៩៦៩ ដើម្បីសំដៅទៅលើការបំពាក់បំប៉នកងកម្លាំងវៀតណាមខាងត្បូង ដែលជាសម្ព័ន្ធមិត្តដើម្បីពង្រឹងសមត្ថភាព​ឲ្យបានគ្រប់គ្រាន់ក្នុងការប្រយុទ្ធជាមួយទ័ពកុម្មុយនិស្តវៀតណាមខាងជើង ហើយទន្ទឹមគ្នានេះដែរចាប់តាំង​ពីលោក Laird បានដាក់ចេញនូវគោលនយោបាយមួយនេះមក ចំនួននៃវត្តកងទ័ពអាមេរិកនៅលើទឹកដី​វៀតណាមបានថយចុះជាបន្តបន្ទាប់រហូតដល់ដើមឆ្នាំ១៩៧៣ ហើយកិច្ចព្រងព្រៀងក្នុងការដកទាហាន​អាមេរិកចេញទាំងស្រុងក៏ត្រូវបានចុះហត្ថលេខាសម្រេចជាផ្លូវការ៕