(ប៊ែរឡាំង)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរទៅដល់ទីក្រុងប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ហើយនៅថ្ងៃពុធម្សិលមិញ (ម៉ោងនៅក្នុងតំបន់) ដើម្បីបំពេញដំណើរទស្សនកិច្ចជាលើកចុងក្រោយមកកាន់បណ្តាប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Euronews នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើតាមកម្មវិធីនៃដំណើរទស្សនកិច្ចនេះ លោក អូបាម៉ា បានជួបទទួលទានអាហារពេលល្ងាចជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា ម៉ាគែល ខណៈកិច្ចប្រប្រជុំការងារនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ មុននឹងមានកិច្ចប្រជុំមួយជាមួយថ្នាក់ដឹកនាំ បារំាង អង់គ្លេស និងអ៊ីតាលី។
ទន្ទឹមគ្នានោះដែរក្រុមអ្នកអង្កេតការណ៍យល់ថា វាមិនមែនជារឿងចៃដន្យនោះទេដែលលោក អូបាម៉ា បានជ្រើសរើសយក អាល្លឺម៉ង់ សម្រាប់ដំណើរទស្សនកិច្ចលើកចុងក្រោយនៅអឺរ៉ុប ព្រោះថាទីក្រុង វ៉ាស៊ីនតោន បានចាត់ទុកទីក្រុងប៊ែរឡាំង ជាដៃគូរមួយដ៏សំខាន់របស់ខ្លួន និងមានឥទ្ធិពលនៅអឺរ៉ុប។
គួររំលឹកថា នៅក្នុងជំនួបជាមួយបណ្ដាមេដឹកនំាអឺរ៉ុប លោក អូបាម៉ា ត្រូវបានគេរំពឹងថានឹងលើកយកបញ្ហាធំៗមួយចំនួនមកពិភាក្សា រួមមានវិបត្តិនៅស៊ីរី ជម្លោះនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ទំនាក់ទំនងរវាងលោកខាងលិច និងរុស្ស៊ី រួមទំាងបញ្ហានៅក្នុងអង្គការ NATO ជាដើម៕