Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រលកកម្តៅសម្លាប់មនុស្សជិត ១២០០នាក់ ក្នុងរយៈពេលពីរខែ នៅអេស្ប៉ាញ (Video inside)

14-07-2025 21:29

(ម៉ាឌ្រីដ)៖ ក្រសួងបរិស្ថានអេស្ប៉ាញ បានប្រកាសនៅថ្ងៃចន្ទថា រលកកម្តៅបានបណ្តាលឲ្យមនុស្ស ១,១៨០នាក់ស្លាប់ ក្នុងរយៈពេលពីរខែចុងក្រោយនេះ ដែលជាការកើនឡើងយ៉ាងគំហុកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥។

ទិន្នន័យបានបង្ហាញថា ជនរងគ្រោះភាគច្រើនបំផុតមានអាយុលើសពី ៦៥ឆ្នាំ ហើយជាងពាក់កណ្តាលជាស្ត្រី។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺនៅភាគខាងជើងនៃប្រទេស ដែលជាតំបន់ដែលធ្លាប់តែអាកាសធាតុមិនសូវក្តៅខ្លាំងនៅរដូវក្តៅ បើធៀបនឹងតំបន់ផ្សេងទៀត។ ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សីតុណ្ហភាពនៅតំបន់ទាំងនោះបានកើនឡើងគួរឲ្យកត់សម្គាល់។

គួរបញ្ជាក់ថា សីតុណ្ហភាពនៅប្រទេសអេស្ប៉ាញក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តែងតែឡើងលើស ៤០អង្សាសេ។ តួលេខអ្នកស្លាប់ចំនួន ១,១៨០នាក់នេះ គឺកើនឡើងយ៉ាងខ្លាំងពីចំនួនត្រឹមតែ ៧០នាក់ប៉ុណ្ណោះក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រសួងបានចាត់ទុកតួលេខនេះថា «មានកម្រិតខ្លាំងក្លាមិនធ្លាប់មាន» ដោយបានចេញការប្រកាសអាសន្នពណ៌ក្រហមចំនួន ៧៦ដង៕