(មូស្គូ)៖ ប្រទេសរុស្ស៊ីទទួលបាននូវការបញ្ជាទិញ នូវយន្តហោះដឹកអ្នកដំណើរខ្នាតធំធុន Irkut MS-21 ដែលផលិតឡើងនៅក្នុងប្រទេសផ្ទាល់ចំនួន ១៧០គ្រឿងពីសំណាក់អតិថិជនពាសពេញពិភពលោក បន្ទាប់ពីបានដាក់បង្ហាញបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្នុងគោលបំណងប្រកួតប្រជែងលើទីផ្សារអាកាសចរណ៍អន្តរជាតិជាមួយនឹងក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរដ៏ល្បីៗនៅលើពិភពលោកដូចជា Airbus និង Boeing ជាដើម។ នេះបើតាមសម្តីរបស់មន្រ្តីរដ្ឋាភិបាលរុស្ស៊ីដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី លោក Andrey Boginsky បានថ្លែងថា «ពួកយើងរំពឹងថាការហោះជាលើកដំបូងរបស់ MS-21 នឹងអាចប្រព្រឹត្តទៅបាននាត្រីមាសទីមួយដើមឆ្នាំក្រោយ ខណៈពេលដែលការធ្វើតេស្តសាកល្បងកំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ហើយពួកយើងសង្ឃឹមថានឹងទទួលបានការទទួលស្គាល់ពីរដ្ឋាភិបាល ដែលឲ្យយើងធ្វើការផលិតទ្រង់ទ្រាយធំ នៅប្រទេសរុស្ស៊ី និងពីសហភាពអឺរ៉ុបនៅចុងឆ្នាំ២០១៨ខាងមុខ»។
លោក Boginsky ក៏បានធ្វើគូសបញ្ជាក់ដែរថា សភាពការណ៍អន្តរជាតិដែលមិនអំណោយផលនាពេលបច្ចុប្បន្នមិនបានបង្កជាផលប៉ះពាល់អាក្រក់ដល់ការអភិវឌ្ឍយន្តហោះដឹកអ្នកដំណើរ MS-21 ឬអាចហៅបានថា MC-21 នោះឡើយ ព្រោះវាតម្រូវការចាំបាច់ និងជាយន្តហោះប្រើប្រាស់ម៉ាស៊ីនភ្លោះដែលអាចផ្ទុកមនុស្សបានចំនួនពី ១៥០ទៅ២១១នាក់៕