(មូស្គូ)៖ ប្រជាជនរុស្ស៊ី ៦៣ភាគរយបានប្រាប់ឲ្យដឹងថាពួកគេចង់ឲ្យលោក វ៉្លាឌីមៀន ពូទីន ប្រធានាធិបតីបច្ចុប្បន្នបន្តដឹកនាំប្រទេសចាប់ពីឆ្នាំ២០១៨ ទៅមុខទៀត ប៉ុន្តែក្នុងនោះក៏មានអ្នកជំទាស់ និងអ្នកដែលចង់ឃើញមេដឹកនាំថ្មីផ្សេងទៀតមកដឹកប្រទេសមហាអំណាចមួយនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
លទ្ធផលខាងលើនេះត្រូវបានធ្វើឡើងតាមរយៈការស្ទង់មតិរបស់មជ្ឈមណ្ឌល Levada ដែលមានមូលដ្ឋាន នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ីដោយក្នុងនោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ១,៦០០នាក់មកពីតំបន់ចំនួន ៤៨ នៅទូទាំងសហព័ន្ធរុស្ស៊ី។ ក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍ទាំងអស់គឺ ៦៣ភាគចង់ឲ្យលោក ពូទីន បន្តតំណែងប្រធានាធិបតីរុស្ស៊ីបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៨, ១៩ភាគរយជំទាស់, ១៩ភាគរយមិនទាន់សម្រេចចិត្ត។ សម្រាប់សំនួរផ្សេងទៀតវិញ ក្នុងចំណោមអ្នកចូលរួមទាំងអស់ ២៦ភាគរយជឿជាក់ថានឹងមានមេដឹកនាំថ្មីជំនួសលោក ពូទីន និង ៤៩ភាគរយទៀតគិតផ្ទុយពីនេះ។
គួរបញ្ជាក់ថាលោក វ៉្លាឌីមៀ ពូទីន បច្ចុប្បន្នអាយុ ៦៣ឆ្នាំបានក្លាយជាប្រធានាធិបតីរុស្ស៊ីនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០០ និងបានធ្លាក់ទៅធ្វើជានាយករដ្ឋមន្ត្រីវិញនៅឆ្នាំ២០០៨។ បន្ទាប់ពីការកាន់តំណែងប្រធានាធិបតីមួយអាណត្តិពីឆ្នាំ២០០៨ ដល់២០១២ របស់លោក Dmitry Medvedev លោក ពូទីន ក៏បានឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីឡើងវិញនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន៕