(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាពិសេសនៃប្រទេសកូរ៉េខាងត្បូងបានលើកឡើងនៅថ្ងៃពុធនេះថា លោកស្រី ផាក គឺនហេ គួរតែត្រូវសួរចម្លើយមិនឲ្យហួសពីសប្តាហ៍នេះឡើយ ជុំវិញការសង្ស័យដែលថាលោកស្រី អាចមានជាប់ពាក់នឹងរឿងអាស្រូវដែលមានមិត្តភក្តិដ៏ជិតស្និទ្ធរបស់លោកស្រីជាដើមចម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយុនហ៉ាប់ នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
បន្ទាប់ពីមេធាវីរបស់លោកស្រី ផាក គឺនហេ បានស្នើឲ្យមានការពន្យាពេលនៃការសើបអង្កេតមកលើរូបលោកស្រី ក្រុមរដ្ឋអាជ្ញាដែលត្រូវបានតែងតាំងដោយសភាជាតិ ដើម្បីបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវនយោបាយដែលបាននិងកំពុងធ្វើឲ្យរង្គោះរង្គើប្រទេសកូរ៉េខាងកូរ៉េខាងត្បូងនេះបាននិយាយថាគោលជំហររបស់ពួកគេ មិនមានការផ្លាស់ប្តូរឡើយ លោកស្រីប្រធានាធិបតីគួរតែឆ្លងកាត់ការសាកសួរចម្លើយទល់មុខគ្នាដោយផ្ទាល់ទាក់ទងនឹងការចោទប្រកាន់ ដែលថាលោកស្រី បានបើកដៃឲ្យស្រ្តី Choi Soon-sil ជាមិត្តស្និទ្ធស្នាលជ្រៀតជ្រែកចូលកិច្ចការរដ្ឋ និងប្រើប្រាស់ភាពជិតស្និទ្ធនេះដើម្បីសម្រេចប្រយោជន៍ផ្ទាល់ខ្លួនគឺការប្រមូលលុយ ពីក្រុមហ៊ុនធំៗនានាចូលមូលនិធិឯកជន។
រដ្ឋអាជ្ញាជាន់ខ្ពស់នៃក្រុមស៊ើបអង្កេតខាងលើបានបញ្ជាក់ថា «គោលជំហរគ្រឹះរបស់យើងគឺការសាកសួរចម្លើយគួរតែបានប្រព្រឹត្តទៅចាប់ពីថ្ងៃពុធនេះម៉្លេះ ហើយពួកយើងបាននិយាយនៅថ្ងៃអង្គារម្សិលមិញថាយើងអាចទទួលយកបានការពន្យាពេលដល់ត្រឹមថ្ងៃព្រហស្បតិ៍ស្អែក ប៉ុន្តែឥឡូវយើងបានប្រាប់ទៅកាន់មេធាវីការពារក្តីរបស់លោកស្រី ផាក គឺនហេ ថាការសួរចម្លើយអាចធ្វើទៅបាននៅត្រឹមថ្ងៃសុក្រសប្តាហ៍នេះ»។
គួរបញ្ជាក់ដែរថា បន្ទាប់ពីក្រុមរដ្ឋអាជ្ញាបានសម្រេចចិត្តធ្វើការសួរចម្លើយទៅកាន់លោកស្រី ផាក គឺនហេ ជុំវិញរឿងអាស្រូវស្រ្តី Choi Soon-sil លោកស្រីប្រធានាធិបតី នៃប្រទេសកូរ៉េខាងត្បូង បានតែងតាំងលោក Yoo Yeong-ha ឲ្យធ្វើជាមេធាវីការពារក្ដីរបស់លោកស្រី ដែលនេះនឹងធ្វើឱ្យលោកស្រី ផាក ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ដំបូងគេបំផុត ដែលត្រូវបានសួរចម្លើយដោយក្រុមរដ្ឋអាជ្ញាលើសំណុំរឿងបទឧក្រិដ្ឋក្នុងពេលកំពុងកាន់តួនាទី ហើយម្សិលមិញនេះលោកមេធាវី Yoo បានសុំឲ្យមានការពន្យាពេលដើម្បីត្រួតពិនិត្យទៅលើសំណុំរឿងនេះ និងធ្វើការរៀបចំនូវឯកសារដែលចាំបាច់ផ្សេងៗជាមុនសិន៕