Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

EU បន្តផ្អាកវិធានការឆ្លើយតបលើពន្ធដែកថែប និងស្វែងរកការចរចាជាមួយសហរដ្ឋអាមេរិក (Video inside)

14-07-2025 10:57

(ព្រុចសែល)៖ ប្រធានគណៈកម្មការសហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen បាននិយាយថា ថាទីក្រុងព្រុចសែល នឹងបន្តផ្អាកវិធានការវាយបកវិញលើពន្ធដែកថែប និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក ខណៈកំពុងស្វែងរកកិច្ចព្រមព្រៀង ដើម្បីចៀសវាងពន្ធគយ ៣០ភាគរយ ដែលដាក់ចេញដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ ២០២៥។

លោក ត្រាំ កាលពីថ្ងៃសៅរ៍ បានគំរាមថា EU ដែលជាប្លុកមាន ២៧ប្រទេស នឹងត្រូវទទួលរងនូវពន្ធគយ ៣០ភាគរយ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ សម្រេចបានត្រឹមថ្ងៃទី១ ខែសីហា។ លោកស្រី von der Leyen បានប្រាប់អ្នកសារព័ត៌មានថា «យើងក៏នឹងបន្តការផ្អាកវិធានការឆ្លើយតបរបស់យើង ទន្ទឹមគ្នា​នឹង​ការ​ត្រៀម​លក្ខណៈយ៉ាង​ពេញលេញ»។ លោកស្រីបន្ថែមថា «EU ​ចូលចិត្ត​ដំណោះស្រាយ​តាមការចរចា ហើយនឹង​ប្រើ​ពេល​វេលា​ដែល​មាន​រហូត​ដល់​ថ្ងៃ​ទី១ ខែ​សីហា»

គួរបញ្ជាក់ថា EU បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាត់វិធានការវាយបកលើទំនិញរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃប្រហែល ២៤ពាន់លានដុល្លារ ជាការឆ្លើយតបទៅនឹងការយកពន្ធរបស់លោក ត្រាំ លើការនាំចូលលោហៈធាតុ កាលពីដើមឆ្នាំនេះ។ ប៉ុន្តែវិធានការនោះត្រូវបានផ្អាកទៅវិញ កាលពីខែមេសា ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយរដ្ឋបាល ត្រាំ ដែលទុកពេលឱ្យប្រទេសនានាធ្វើការចរចា៕