(ឡុងដ៏)៖ កំពូលអ្នករូបវិទ្យា និងវិទ្យាសាស្ត្រអង់គ្លេសដ៏ល្បីល្បាញមួយរូបមកពីសាកលវិទ្យាល័យ Oxford លោក Stephen Hawking បានជំរុញឱ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍លើការធ្វើដំណើរទៅកាន់ទីអវកាស មុនមិនទាន់យឺតពេល ត្បិតអីលោកគិតថាមនុស្សនឹងមិនអាចបន្តរស់នៅលើផែនទៀតឡើយបើមិនចូលទៅ ស្រាវជ្រាវរកកន្លែងរស់នៅផ្សេងទៀតនៅក្នុងលំហអាកាសនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Stephen Hawking បានលើកឡើងដូច្នេះថា «ខ្ញុំមិនគិតឡើយថា មនុស្សអាចបន្តរស់នៅលើសពី ១,០០០ឆ្នាំទៅមុខទៀត ដោយមិនរត់គេចចេញពីផែនដីដ៏ផុយស្រួលរបស់យើងដែលនឹងមិនអាចគិតផុតពីការបំផ្លិចផ្លាញ ដូច្នេះមនុស្សគ្រប់គ្នាគួរតែសម្លឹងទៅមើលភពផ្សេង ហើយសម្រាប់ខ្ញុំដើមកំណើតមនុស្សនឹងមិនមាននៅពេលអានាគតនោះទេ បើសិនជាមិនចូលទៅស្រាវជ្រាវកន្លែងផ្សេងក្នុងលំហអាកាស»។
ជាមួយគ្នានោះដែរ អ្នករូបវិទ្យារូបនេះបានវាយតម្លៃទៀតថា ជីវិតនៅលើភពផែនដីកាន់តែជួបការគំរាមកំហែងកាន់តែខ្លាំង និងប្រឈមមុខការបំផ្លិចបំផ្លាញដោយគ្រោះមហន្តរាយ បង្កឡើងដោយធម្មជាតិ ជាពិសេសគឺទង្វើរបស់មនុស្សលោកដូចជា សង្រ្គាមនុយក្លេអ៊ែរ ការវិវត្តន៍ហ្សែននៃវីរុស ឬក៏វីរុសបង្កើតឡើងដោយមនុស្សខ្លួនឯងជាដើម។
គួរបញ្ជាក់ថា បើយើងគិតអំពីសមត្ថភាពរបស់មនុស្សនាពេលបច្ចុប្បន្ន ឬក៏ពីពីរទៅបីទសវត្សរ៍ខាងមុខទៀតនោះ យើងអាចត្រឹមតែធ្វើដំណើរទៅកាន់ភពព្រះអង្គារតែប៉ុណ្ណោះ។ ជាក់ស្តែងសហរដ្ឋអាមេរិកតាមរយៈអង្គការ NASA កំពុងរៀបចំគំរោងក្នុងការបញ្ជូនមនុស្សទៅកាន់ភពក្រហមនេះនៅឆ្នាំ២០៣០ ហើយសម្រាប់ភពផ្សេងក្រៅពីប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ គឺហាក់មិនទាន់មានសញ្ញាណាមួយចំពោះលទ្ធភាពដែលមនុស្សលោកអាចនឹងទៅដល់ក្នុងរយៈពេលមួយជីវិតនោះឡើយ៕