(ប៉ារីស)៖ យោងតាមអ្នកនិពន្ធសៀវភៅមួយមានចំណងជើងថា «ប្រធានាធិបតីម្នាក់មិនគួរនិយាយដូច្នោះ» ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ ហូឡង់ បានដាក់បញ្ជាយ៉ាងហោចណាស់ចំនួនបួនលើកឱ្យសម្លាប់ក្រុមភេរវករក្រៅប្រព័ន្ធច្បាប់ ហើយបើសិនវាជាការពិតនោះមានន័យថា ទង្វើនោះជាការរំលោភលើព័ត៌មានសម្ងាត់យោធាដែលអាចនឹងធ្វើឱ្យលោក ហូឡង់ ប្រឈមមុខនឹងការបោះឆ្នោតទម្លាក់ពីតំណែង ឬក៏ប្រឈមមុខការកាត់ទោសពីសំណាក់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជុំវិញបញ្ហានេះដែរ នៅពេលផ្ដល់បទសម្ភាសន៍ឱ្យស្ថានីយ៍ទូរទស្សន៍បារាំង BFMTV អ្នកសារព័ត៌មាន លោក ហ្សេរ៉ាត ដាវ៉េ (Gérard Davet) និងលោក ហ្វាប្រ៊ីស ឡូន (Fabrice Lhomme) បានគូសបញ្ជាក់ថានៅក្នុងរយៈពេល ៥ឆ្នាំនៃអាណត្តិជាប្រធានាធិបតី លោក ហូឡង់ បានបង្គាប់ឱ្យសម្លាប់ក្រុមភេរវករដោយមិនបានជំនុំជម្រះតាមផ្លូវតុលាការ យ៉ាងហោចណាស់ចំនួន០៤លើក។
ដោយឡែកបើតាមលោកមេធាវី ហ្គីល ឌឺវែរ (Gilles Devers) វានៅសល់ជ្រុងមួយទៀតពោលគឺ បើលោក ហូឡង់ ក្នុងនាមជាប្រមុខរដ្ឋ និងប្រមុខយោធាបារាំងបានដាក់បញ្ជាដូច្នោះមែននៅក្នុងករណីដែលកងទ័ពបារាំងមិនបានទទួលរងការវាយប្រហារ នោះការបញ្ជានេះជាបទឧក្រិដ្ឋសង្រ្គាមផ្អែកលើមាត្រាច្បាប់នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលបារាំងបានផ្ដល់សច្ចាប័នបានចែងថា «ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ធ្វើឡើងដោយអំណាចនយោបាយ និងប្រព្រឹត្តឡើងនៅក្នុង បរិបទនៃជម្លោះយោធាប្រដាប់អាវុធ គឺជាបទឧក្រិដ្ឋសង្រ្គាម»។
ទោះបីជាយ៉ាងណាក៏ដោយចៅក្រមជំនាញខាងច្បាប់ឧក្រិដ្ឋកម្មសង្រ្គាម លោកស្រី សេលីន បាដេ (Céline Bardet) អះអាងថា ប្រសិនបើការការពារនោះគឺជារឿងស្របច្បាប់នោះវា មិនមែនជាបទឧក្រិដ្ឋសង្រ្គាមនោះទេ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង Le point លោក ហ្វ្រង់ស័រ ហូរឡង់ ធ្លាប់ដាក់បញ្ជាឱ្យសម្លាប់មេភេរវករក្រុមអាល់សាបាប់សូម៉ាលី លោក អះម៉ាត់ ហ្គូដាន (Ahmed Godane) កាលពីឆ្នាំ២០១៤ ក្រៅប្រព័ន្ធតុលាការ៕