(បាងកក)៖ មន្រ្តីក្រសួងសុខាភិបាលនៃប្រទេសថៃបានឲ្យដឹងនៅថ្ងៃពុធនេះថា ការឆ្លងនៃវីរុស Zika ចំនួន ៣៣ករណីត្រូវបានរកឃើញបន្ថែមទៀត ស្របពេលដែលអាជ្ញាធរថៃបានពង្រឹងវិធានកាតាមដានរកវត្តមាននៃវីរុសនេះទៅលើក្រុមមនុស្សដែលនឹងទទួលរងហានិភ័យខ្ពស់បំផុត ដូចជាស្រ្តីមានផ្ទៃពោះជាដើម ខណៈចំនួនសរុបនៅក្នុងប្រទេសមានមិនក្រោម ៦៨០ករណីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ដកស្រង់ដោយ Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងសុខាភិបាលថៃលោក Suwannachai Wattanayingcharoenchai បានថ្លែងប្រាប់ Reuters ថា «ពួកយើងបានរកឃើញករណីថ្មីចំនួន ៣៣ បន្ថែមទៀត កាលពីសប្តាហ៍មុននេះនៅក្នុងតំបន់ចំនួនពីរផ្សេងគ្នា។ ម៉្យាងវិញទៀតដោយសារតែខណៈនេះប្រជាជនជាច្រើននាក់បានធ្វើដំណើរពីទីជនបទមកកាន់ទីក្រុងបាងកកដើម្បីចូលរួមសកម្មភាពផ្សេងៗ ជាពិសេសគឺការកាន់ទុក្ខនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត កាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅនេះ ដូច្នេះហើយយើងត្រូវតែក្រើនរំលឹកប្រជាពលរដ្ឋជានិច្ចថា Zika គឺជាជំងឺដែលឆ្លងដោយស្ងាត់ស្ងៀមបំផុត ហើយអ្នកផ្ទុកវីរុសនេះមួយចំនួនពុំបង្ហាញអការៈរោគអ្វីទាំងអស់»។
គួរបញ្ជាក់ថា គិតចាប់តាំងពីខែមករាដើមឆ្នាំ២០១៦ រហូតមកដល់ពាក់កណ្តាល់ខែវិច្ឆិកានេះ ប្រទេសថៃបានរាយការណ៍ថាការឆ្លងនៃវីរុស Zika មិនតិចជាង ៦៨០ករណីឡើយ ហើយនិងបានក្លាយជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មុនដំបូងគេ ដែលមានករណីទារកកើតមានក្បាលតូចខុសពីធម្មតាដោយសារតែវីរុស Zika៕