(លីប៊ី)៖ អ្នកជំនួញជនជាតិលីប៊ីសញ្ជាតិបារាំងលោក ហ្សៃអាត តាគីឌីន (Ziad Takieddine) បានអះអាង ថាលោកគឺជាអ្នកប្រគល់ប្រាក់បីកាបូបធំស្នើនឹងជាង ៥លានអឺរ៉ូផ្ដល់ដោយអតីតមេដឹនាំលីប៊ី លោក មួអាម៉ា ហ្គាដាហ្វី ឱ្យទៅអតីតប្រធានាធិបតីបារំាងលោក នីកូឡាស សាកូស៊ី ដើម្បីយកទៅប្រើប្រាស់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានបារំាង Mediapart លោក ហ្សៃអាត តាគីឌីន បានសារភាពថា លោកបានប្រគល់ប្រាក់សុទ្ធ ៥លានអឺរ៉ូរៀបចំដោយរដ្ឋាភិបាល លោក ហ្គាដាហ្វី ឱ្យទៅរដ្ឋមន្រ្តីមហាផ្ទៃរបស់លោក សាកូស៊ី គឺលោក ក្លូត ហ្គេអង់ (Claude Guéant) នៅអំឡុងចុងឆ្នាំ២០០៦ និងដើមឆ្នាំ២០០៧។
លោក ហ្សៃអាត បានបញ្ជាក់ទៀតថាការផ្ដល់ប្រាក់សុទ្ធទាំងបីកាបូបធំនេះបានធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចបីលើក របស់លោកពីទីក្រុងទ្រីប៉ូលី របស់លីប៊ីទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងតាមជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ Afriqiyah ពោលគឺក្នុងមួយលើកៗ លោកបាននាំយកប្រាក់ពេញមួយកាបូបធំប្រគល់ដល់លោក ហ្គេអង់ រហូតដល់កាបូបទី៣ ទើបលោកអាចប្រគល់ឱ្យលោកសាកូស៊ី ដោយផ្ទាល់ដៃនៅក្នុងផ្ទះឯកជនមួយកន្លែងរបស់អតីតប្រធានាធិបតីបារំាងរូបនេះ ហើយដែលលោកបានដឹងយ៉ាងច្បាស់ថា នៅក្នុងកាបូបនោះមានលុយសុទ្ធ។
គួររំលឹកថាពាក្យចរចាមអារ៉ាមដែលបានចោទលោក សាកូស៊ី ថាបានទទួលបា្រក់ពីលោក ហ្គាដាហ្វី បានផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០១១ ជាឆ្នាំដែលអតីតរដ្ឋាភិបាលរបស់លោក សាកូស៊ី ផ្ទាល់រួមទំាង សហរដ្ឋអាមេរិក និង អង់គ្លេស បញ្ជូនកងកម្លាំងដូពិសេសចូលរួមនៅក្នុងការធ្វើរដ្ឋប្រហារយោធាទម្លាក់ លោក ហ្គាដាហ្វី ពីអំណាច។
បន្ថែមពីនេះទៅទៀតបើតាមកូនប្រុសលោក ហ្គាដាហ្វី គឺលោក កាដាហ្វី សៃអាល់អ៊ីស្លាម (Kadhafi Seil al-Islam) បានអះអាងថាលោក សាកូស៊ី ធ្លាប់បានទទួលប្រាក់ពីគ្រួសារ របស់លោកដល់ទៅ ៥០លានអឺរ៉ូ ប៉ុន្តែរហូតដល់ខែមីនា ឆ្នាំ២០១២ ទើបសារព័ត៌មានបារាំងMediapart បានចុះផ្សាយនូវឯកសារមួយទទួលស្គាល់ពីចំនួនទឹកប្រាក់នេះក្នុងបរិបទដែលលោក សាកូស៊ី បានបដិសេធមកទល់នឹងពេលបច្ចុប្បន្ន។
ប្រសិនបើរឿងរ៉ាវទាំងប៉ុន្មានត្រូវបានបកអាក្រាតថាវាជារឿងពិតមែននោះ វានឹងក្លាយជាឧបសគ្គធំណាស់សម្រាប់លោក សាកូស៊ី ក្នុងការវិលត្រឡប់មកប្រឡូកចូលឆាកនយោបាយ និងត្រៀមធ្វើការបោះឆ្នោតប្រកួតប្រជែងយកតំណែងប្រធានាធិបតីបារាំងឡើងវិញ នាអាណត្តិក្រោយនេះក្នុងឆ្នាំ២០១៧៕