(អាមេរិក)៖ មួយសប្តាហ៍បន្ទាប់ពីលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអនាគតរបស់​សហរដ្ឋអាមេរិកនោះ អង្គការ NASA ហាក់ពុំទាន់ទទួលបាន​ព័ត៌មានដ៏គួរឲ្យកក់​ក្តៅណាមួយ​ចំពោះ​កញ្ចប់ថវិកាជាតិដែលខ្លួននឹងត្រូវទទួលបាន ឬក៏ការបញ្ជាក់គោលនយោបាយថ្មីឲ្យបានច្បាស់លាស់​សម្រាប់អនាគតទីភ្នាក់ងារអវកាសដ៏ធំបំផុតលើលោកមួយនេះឡើយ។ នេះបើតាម​ការផ្សាយ​ពីសារព័ត៌មាន Space News ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណកម្មាធិការប្រឹក្សាយោបល់របស់ NASA លោក Greg Williams អនុប្រធាន​រដ្ឋបាលផែនការ និងនយោបាយសម្រាប់ប្រតិបត្តិការនៃការរុករកដោយបេសកកម្មមនុស្ស បាន​បញ្ជាក់​នាដើមសប្តាហ៍ថ្មីយ៉ាងដូច្នេះថា «មន្ត្រីក្នុងយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ ដែលធ្លាប់អះអាងថា​នឹងផ្តល់ព័ត៌មានពីនយោបាយរបស់លោកចំពោះអង្គការ NASA នៅមិនទាន់ទាក់ទង​មកបំភ្លឺ​ព័ត៌មាន​​ជុំវិញអ្វីដែលពួកគេធ្លាប់បានសន្យាពីមុនមកនោះឡើយ»

មន្ត្រីទីភ្នាក់ងារអវកាសអាមេរិកខាងលើនេះបានបញ្ជាក់ទៀតថា អនាគតរដ្ឋបាលថ្មីរបស់អាមេរិកខាងលើ​នេះមិនទាន់មានការទាក់ទងដោយផ្ទាល់ណាមួយមកកាន់អង្គការ NASA នោះទេ ប៉ុន្តែអង្គការនេះ​នឹង​ត្រៀមខ្លួនជានិច្ចដើម្បីពិភាក្សាពីផែនការដែលនឹងត្រូវធ្វើនៅក្នុងរដ្ឋបាលថ្មីរបស់លោក ត្រាំ និងថវិកាជាតិដែលខ្លួននឹងទទួលបានសម្រាប់ឆ្នាំ២០១៧ នៅពេលជួបជាមួយមន្ត្រីតំណាងលោក ត្រាំ។

គួរបញ្ជាក់ថាកាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ ក៏ធ្លាប់បានលើកឡើងផងដែរពី​គោលនយោបាយចំពោះការស្រាវជ្រាវផ្នែកទីអវកាស ដោយក្នុងនោះរដ្ឋបាលថ្មីអាច​នឹងផ្តោតសំខាន់​បំផុត​ទៅលើការបញ្ជូនមនុស្សទៅស្រាវជ្រាវទីអវកាសឆ្ងាយៗពីផែនដី, ការអភិវឌ្ឍបច្ចេកវិទ្យា និងពាណិជ្ជកម្ម, និងកាត់បន្ថយការស្រាវជ្រាវនានាតែនៅលើភពផែនដី។ ប្រការនេះធ្វើឲ្យគ្រប់គ្នា​មានក្តីរំពឹង​ខ្ពស់ថា​ផែនការទៅកាន់ភពអង្គារ នឹងកាន់លឿនជាងមុន ព្រមទាំងបេសកកម្មមួយចំនួនទៀតដែលស្ថិតនៅទីឆ្ងាយ​ពីភពផែនដីយើងផងដែរ៕