(វ៉ាស៊ីនតោន)៖ នៅក្នុងការរៀបចំរដ្ឋបាលថ្មីប្រធានាធិបតីដែលត្រៀមនឹងឡើងកាន់តំណែងលោក ដូណាល់ ត្រាំ កំពុងពិចារណាក្នុងការជ្រើសរើសអ្នកវិនិយោគនៅ Wall Street ចំនួនពីររូបដែលជាជនស្មោះស្ម័គ្រនឹងលោកអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ឲ្យកាន់តួនាទីដ៏សំខាន់នៅក្នុងវិស័យសេដ្ឋកិច្ចជាតិ ប៉ុន្តែអ្នកជំនាញផ្នែកខាងសន្តិសុខជាតិមួយរូប ត្រូវបានខ្ទាតចេញពីជំរើសជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ទៅហើយ។ នេះបើតាមព័ត៌មានពី Reuters ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ដូណាល់ ត្រាំ ដែលបានទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីសប្តាហ៍មុន បច្ចុប្បន្នកំពុងពិចារណាតែងតាំងលោក Steve Mnuchin ប្រធានអ្នកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក និងជាវិនិយោគិនមួយរូបនៅ Wall Street ឲ្យកាន់តួនាទីជារដ្ឋមន្រ្តីរតនាគារជាតិ និងលោក Wilbur Ross ដែលជាមហាសេដ្ឋីវិនិយោគដ៏ល្បីល្បាញមួយរូបនៅ Wall Street ដូចគ្នានោះឲ្យធ្វើជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ដោយឡែកលោក Mike Rogers អតីតអ្នកតំណាងរាស្រ្តនៃរដ្ឋ Michigan ដែលត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA នោះស្រាប់តែភ្លាមៗបានចាកចេញពីក្រុមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។ គួរបញ្ជាក់ដែរថាលោក ត្រាំ នៅសល់តែពេល ៧០ថ្ងៃទៀតប៉ុណ្ណោះដើម្បីធ្វើការៀបចំសមាជិកគណៈរដ្ឋមន្រ្តី សម្រាប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដែលជាពេលដែលលោកត្រូវចូលស្បថកាន់តំណែងជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិកជាផ្លូវការ៕