(យូអិន)៖ បណ្តារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ (UN) បានរួមគ្នាថ្កោលទោសរបបដឹកនាំនៃប្រទេសកូរ៉េខាងជើង ដែលបានប្រើប្រាស់ថវិកាយ៉ាងច្រើនលើសលប់ តែទៅលើការផលិតគ្រាប់មីស៊ីល និងកម្មវិធីនុយក្លេអ៊ែរ ដោយមិនខ្វល់ពីគ្រោះទុរភិក្សដែលប្រជាជន រាប់លាននាក់ក្នុងប្រទេសអាស៊ីឦសានមួយនេះកំពុងជួបប្រទះ ដោយនេះក៏ត្រូវបានចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
សេចក្តីព្រាងដែលត្រូវបានរៀបចំឡើងដោយប្រទេសជប៉ុន និងសហភាពអឺរ៉ុបនោះនឹងត្រូវសម្រេចចេញតាមរយៈការបោះឆ្នោតគាំទ្រនៅក្នុងគណកម្មាធិការ ទទួលបន្ទុកសិទ្ធិមនុស្សនៃមហាសន្និបាតអង្គការសហប្រជាជាតិ ហើយដែលប្រទេសជាសម្ព័ន្ធមិត្តកូរ៉េខាងជើងមួយចំនួននឹងមិនបោះឆ្នោតគាំទ្រ។ សម្រាប់ការបោះឆ្នោតសម្រេចចេញជាផ្លូវការចំពោះដំណោះស្រាយថ្មី ទៅលើការរំលោភសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើង នឹងត្រូវធ្វើឡើងនៅខែក្រោយ។
ឯកអគ្គរាជទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិលោក Koro Bessho បានថ្លែងជុំវិញបញ្ហានេះយ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំទាំងឡាយរបស់កូរ៉េខាងជើង ដែលមិនដែលគិតគូរពីជីវភាពរបស់នៅរបស់ប្រជាជនខ្លួនឯងនោះ បានប្រើប្រាស់ធនធានដ៏ស្តួចស្តើងរបស់ពួកគេទៅផលិតអាវុធប្រល័យលោក។ ការសម្រេចចិត្តរបស់ពួកគេបែបនោះហើយ គឺជាការរំលោភសិទ្ធិមនុស្ស»។ ជុំវិញបញ្ហានេះអគ្គរដ្ឋទូតកូរ៉េខាងជើងលោក Ri Song Chol បានឆ្លើយតបវិញដូច្នេះថា «ប្រទេសជប៉ុនគួរគិតតែពីរឿងខ្លួនឯងវិញទៅ»។
គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងបានធ្វើតេស្តអាវុធនុយក្លេអ៊ែរចំនួនពីរលើករួចមកហើយនៅក្នុងឆ្នាំ២០១៦នេះ រួមជានឹងការបាញ់សាកល្បងគ្រាប់មីស៊ីល ស្ទើរគ្រប់ធុនផងដែរ នៅចំពោះមុខប្រជាជនរបស់ខ្លួនចំនួន ១៨លាននាក់ក្នុងចំណោមប្រជាជនសរុប ២៥លាននាក់ ដែលកំពុងប្រឈមមុខនឹងការខ្វះខាតចំណីអាហារសម្រាប់បរិភោគពីមធ្យមទៅធ្ងន់ធ្ងរបំផុត៕