(វ៉ាស៊ីនតោន)៖ កិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក និងហ្វីលីពីននឹងមិនផ្លាស់ប្ដូរឡើយ សម្រាប់ពេលបច្ចុប្បន្នបើទោះជាលោក រ៉ូឌ្រីហ្គោ ឌូធើតេ ប្រធានាធិបតីហ្វីលីពីន ធា្លប់បានជេរប្រទេចប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ថា «កូនមីសំផឹង» ព្រមទំាងព្រមានកាត់ផ្ដាច់ទំនាក់ទំនងយោធាជាមួយ ទីក្រុងវ៉ាស៊ីនតោន ក៏ដោយ។ នេះគឺជាការលើកឡើងរបស់មេបញ្ជាការ យោធាជាន់ខ្ពស់អាមេរិកប្រចំាតំបន់ អាស៊ី-ប៉ាស៊ីហ្វិក លោក ហារី ហារីស (Harry Harris) ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅឯទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) លោក ហារី បាននិយាយថា «បើទោះជាគាត់ (លោក ឌូធើតេ) ធ្លាប់និយាយអ្វីក៏ដោយក៏ទំនាក់ទំនងយោធារវាង អាមេរិក- ហ្វីលីពីន នឹងមិនប្រែប្រួលឡើយ ហើយខ្ញុំពិតជាមានសុទិដ្ឋិនិយមថា សមយុទ្ធយោធាទ្រង់ទ្រាយធំ នៅឆ្នំា២០១៧ នឹងអាចប្រព្រឹត្តទៅដូចការគ្រោងទុកស្របពេលដែលទីក្រុងម៉ានីល មិនបានស្នើសុំឱ្យយើងដកទ័ព ឬក៏បញ្ឈប់ការរក្សាទុកយន្តហោះ ស៊ើបការណ៍នៅឯមូលដ្ឋានទ័ព Clark Air Base នៃកោះ Luzon ប្រទេសហ្វីលីពីននោះដែរ»។
គួររំលឹកថាកាលពីខែតុលាកន្លងទៅ នៅក្នុងឱកាសបំពេញដំណើរទស្សនកិច្ច នៅឯទីក្រុងប៉េកាំង លោក ឌូធើតេ បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ដោយថែមទាំងទុកពេលឱ្យសហរដ្ឋអាមេរិកយ៉ាងយូរ២ឆ្នាំ ក្នុងការដកកងទ័ពចេញពីទឹកដីហ្វីលីពីនទៀតផង។ ប៉ុន្តែនៅខែតុលាដដែលនោះដែរពោលគឺនៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន ប្រធានាធិបតីហ្វីលីពីនរូបនេះបែរជាអះអាងថាការលើកឡើងនោះគ្រាន់តែជាគំនិតលោកផ្ទាល់ មិនតំណាងឱ្យរដ្ឋាភិបាលហ្វីលីពីនឡើយ៕