(ប៊ែរឡាំង)៖ ដើម្បីឲ្យប្រាកដថាសន្តិសុខ ក្នុងសហព័ន្ធអាល្លឺម៉ង់ត្រូវបានធានានោះ កងកម្លាំងប៉ូលិសអាល្លឺម៉ង់បានចេញប្រតិបត្តិការទ្រង់ទ្រាយធំ បោសសម្អាតពួកសកម្មប្រយុទ្ធពីទីតាំងចំនួន២០០កន្លែង ក្នុងរដ្ឋចំនួន១០ នៅទូទាំងប្រទេសដើម្បីស្វែងរកជនសង្ស័យដែលអាចជាបណ្តាញ នៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
គួរបញ្ជាក់ថានាពេលថ្មីៗនេះ ក្រុមសកម្មជនមួយដែលមានឈ្មោះថា The True Religion ឬក៏ក្រុមសាសនាពិត បានបង្ហាញសកម្មភាពយ៉ាងផុសផុល នៅតាមបណ្តារដ្ឋជាច្រើនទូទាំងសហព័ន្ធអាល្លឺម៉ង់ ហើយជារឿយៗក្រសួងមហាផ្ទៃក៏បានចេញបម្រាមមិនក្រុមនេះ បង្កើតបក្សពួក និងរៀបចំសកម្មភាពណាមួយនៅក្នុងសង្គមនោះដែរ។ នេះបើតាមការអះអាងថារបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់។
ក្រសួងមហាផ្ទៃបានអះអាងទៀតថា ក្រុមខាងលើនេះបានបំផុសឲ្យមានការស្អប់ខ្ពើមគ្នាក្នុងសង្គម ហើយថ្មីៗនេះសមត្ថកិច្ចបានរកឃើញថា ពួកគេបានធ្វើទំនាក់ទំនងជាប់ជានិច្ចជាមួយនឹងក្រុមមនុស្សដែលបានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី។ ប្រតិបត្តិការទាំង១០រដ្ឋខាងលើនេះក៏រួមមានរដ្ខ North Rhine-Westphalia, Hamburg, និង Baden-Wuerttemberg ផងដែរ៕