(មូស្គូ)៖ គណៈកម្មាធិការជាតិទទួលបន្ទុកស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Alexeï Oulioukaïev ត្រូវបានអាជ្ញាធរឃាត់ខ្លួន នៅក្នុងអំឡុងពេល នៃប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដឹកនាំដោយការិយាល័យសហព័ន្ធសន្តិសុខ FSB ។ នេះបើតាមការចុះផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមសេចក្ដីថ្លែងការរបស់ FSB លោក Alexeï Oulioukaïev អាចនឹងត្រូវបានចោទប្រកាន់ជាផ្លូវការក្នុងពេលឆាប់ៗនេះ ហើយលោកអាចនឹងប្រឈមមុខជាប់ពន្ធនាគារពី០៨ ដល់១៥ឆ្នាំ បើសិនជាគេរកឃើញថាលោកពិតមានជាប់ពាក់ព័ន្ធនឹង អំពើពុកលួយដូចការចោទប្រកាន់មែននោះ។
គួរបញ្ជាក់បើតាមគណៈកម្មាធិការជាតិស៊ើបអង្កេតរុស្ស៊ី លោក Alexeï Oulioukaïev ដែលបានកាន់ តំណែងជារដ្ឋមន្ត្រីសេដ្ឋកិច្ចចាប់តំាងឆ្នាំ២០១៣មក កាលពីថ្ងៃចន្ទ បានទទួលសំណូកជាប្រាក់២លានដុល្លារអាមេរិក ជាថ្នូរនឹងការយល់ព្រមលើការទិញយកក្រុមហ៊ុនប្រេងរបស់រដ្ឋឈ្មោះ Bachneft ដោយក្រុមហ៊ុនប្រេងពាក់កណ្ដាលរបស់រដ្ឋឈ្មោះ Rosneft កាលពីខែតុលា៕