(ឡាអេ)៖ កងទ័ពអាមេរិក និងទីភ្នាក់ងារស៊ើបការសម្ងាត់ CIA ទំនងជាបានប្រព្រឹត្តិបទឧក្រិដ្ឋសង្រ្គាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅអំឡុងឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ ប្រឆាំងនឹងអ្នកទោសជាច្រើននាក់ ដោយក្នុងនោះរួមមានទំាងការធ្វើទារុណកម្ម យ៉ាងសាហាវព្រៃផ្សៃដែលនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សិទ្ធិមនុស្ស និងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ ខណៈសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ តែងតែរិះគន់ឥតសម្ចៃមាត់ទៅ លើបណ្ដាប្រទេសដែលខ្លួនអះអាងថា រំលោភសិទ្ធិមនុស្ស។ នេះបើតាមរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC លោកស្រី Fatou Bensouda ដែលចុះផ្សាយដោយសារព័ត៌មានបារំាង Le Figaro នៅរសៀលថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងរបាយការណ៍មួយស្ដីពីការត្រួតពិនិត្យបឋមលើដំណាក់កាល មុនមានការបើកការស៊ើបអង្កេត លោកស្រី Fatou Bensouda បានគូសបញ្ជាក់ថា វាអាចមានមូលដ្ឋានសមហេតុផល ឱ្យយើងជឿជាក់បានថា នៅក្នុងពេលសួរចម្លើយអ្នកទោស សមាជិកកងទ័ពអាមេរិក និងភ្នាក់ងារ CIA បានធ្វើទារុណកម្មលើអ្នកទោសយ៉ាងតិចណាស់ ៦១នាក់យ៉ាងសាហាវព្រៃផ្សៃដែលនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ នៅលើទឹកដីអាហ្វហ្គានីស្ថាន។
បន្ថែមពីលើនេះលោកស្រី Fatou Bensouda បានអះអាងថា បទឧក្រិដ្ឋ សង្គ្រាមប្រឆាំងនឹងមនុស្សជាតិ ក៏ត្រូវបានប្រព្រឹត្តិឡើងដោយភ្នាក់ងារស៊ើបការសម្ងាត់ និងប៉ូលិសអាហ្វហ្គានីស្ថាន រួមទាំងក្រុមតាលីបង់ផងដែរ។
គួរបញ្ជាក់ថាទាំងរដ្ឋាភិបាលអាមេរិក និងអាហ្វហ្គានីស្ថានសុទ្ធតែពុំទាន់បានផ្ដល់សច្ចារប័ននៅឡើយទេ ដល់លក្ខន្តិកៈទីក្រុងរ៉ូមនៃសន្ធិសញ្ញាបង្កើតតុលាការ ICC ដូច្នេះវាមានសង្ឃឹមតិចតួចណាស់ថាកងទ័ព អាមេរិក ឬអាហ្វហ្គានីស្ថានក្លាយជាកម្មវត្ថុនៃការស៊ើបអង្កេត៕