(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ហើយថា យុទ្ធសាស្ត្ររបស់លោកនៅក្នុងប្រទេសស៊ីរី មិនបានទទួលផ្លែផ្កាអ្វីឡើយ ខណៈប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងទុកថានឹងផ្លាស់ប្ដូរគោលនយោបាយអាមេរិក ៣៦០ដឺក្រេចំពោះសំណុំរឿងស៊ីរី ដោយសន្យាថាទីក្រុងវ៉ាស៊ីនតោន នឹងបិទបញ្ចប់ការគាំទ្រដល់ក្រុមឧទ្ទាមស៊ីរី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ឆ្លើយតបទៅនឹងសំណួរនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីយុទ្ធសាស្រ្តរបស់លោកសម្រាប់ស៊ីរី ក្នុងរយៈពេល២ អាណត្តិមកនេះក្នុងនាមជាប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានលើកឡើងថា «ខ្ញុំទទួលស្គាល់ថាយុទ្ធសាស្ត្ររបស់ខ្ញុំនៅស៊ីរី មិនបានទទួលផ្លែផ្កាជាដុំកំភួននោះទេ ហើយនេះគឺអ្វីដែលខ្ញុំកំពុងបន្តគិតជារៀងរាល់ថ្ងៃ»។
យ៉ាងណាក៏ដោយ ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសស៊ីរី ស្ថិតនៅក្នុងភាពច្របូកច្របល់កាន់តែខ្លំាង ឡើងស្របពេលលីប៊ី កំពុងសោកស្ដាយការបាត់បង់លោក មូអាម៉ា កាដាហ្វី ចំណែកឯអាមេរិក និងរុស្ស៊ីនៅតែបន្តពាក់មុខយក្សដាក់គ្នា ហើយដែលបញ្ហាទំាងនេះនឹងត្រូវទុកឱ្យលោក ដូណាល់ ត្រាំ ជាអ្នកដោះស្រាយបន្ត នៅពេលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីប៉ុន្មានថ្ងៃមុន ធ្លាប់បានបង្ហាញពីគោលបំណងបិទបញ្ចប់ ការគំាទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ដល់ក្រុមឧទ្ទាមស៊ីរី។ មិនតែប៉ុណ្ណោះសម្រាប់រូបលោកផ្ទាល់ លោក ត្រាំ យល់ថាការបង្កើតសម្ព័ន្ធភាព អាមេរិក ស៊ីរី និងរុស្ស៊ី គឺជាជំរើសដ៏ប្រសើរមួយ ក្នុងការកម្ចាត់ពួក ISIS និងពន្លឿនការបញ្ចប់សង្រ្គាមនៅស៊ីរី៕