(កង់បេរ៉ា)៖ ដោយសារតែគ្រោះធម្មជាតិរញ្ជួយផែនដីដ៏កក្រើកកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារប្រទេសនូវែលសេឡង់ និងបង្កជារលកយក្សស៊ូណាមិកាលពីថ្ងៃទី១៣ ខែវិច្ឆិកា នោះប្រទេសអូស្ត្រាលី និងឥណ្ឌូណេស៊ី ដែលសុទ្ធសឹងតែងាយរកគ្រោះថ្នាក់ពីធម្មជាតិខ្លាំងដូចគ្នា បានរួមគ្នាធ្វើលំហាត់ហ្វឹកហ្វឺនដើម្បីត្រៀមទប់ទល់នឹងរលកយក្សស៊ូណាមិ ដែលអាចនឹងបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិតរហូតដល់ទៅ ៨.៧រ៉ិចទ័រ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Michael Keenan រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អូស្ត្រាលី បានថ្លែងនាឱកាសបើកកម្មវិធីហ្វឹកហ្វឺនខាងលើនេះថា «ក្នុងលំហាត់ហ្វឹកហ្វឺន Ambon DiRex 2016 យើងផ្តោតសំខាន់ទៅលើការស្វែងរក កិច្ចសហការគ្នាថ្នាក់តំបន់ និងជាជំនួយផងដែរសម្រាប់ប្រទេសឥណ្ឌូណេស៊ី នៅក្នុងករណីដែលមានការកើតឡើងនៃរលកយក្សស៊ូណាមិ។ លំហាត់នេះនឹងត្រៀមទប់ទល់រលកយក្សស៊ូណាមិ ដែលអាចនឹងបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត រហូតដល់ទៅ ៨.៧រ៉ិចទ័រឯណោះ»។
គួរបញ្ជាក់ថាគ្រោះរញ្ជួយផែនដីកម្រិត ៧.៨រ៉ិចទ័របានវាយប្រហារភាគកណ្តាលប្រទេសនូវែលសេឡង់ កាលពីពាក់កណ្តាលអាធ្រាតថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ដែលវាបានបង្កជារលកយក្សស៊ូណាមិ កម្ពស់៥ម៉ែត្រ និងមនុស្សស្លាប់ ២នាក់ព្រមទាំងបានបង្កវិនាសកម្មជាច្រើនទៀត។ ប្រការនេះបាននាំឲ្យប្រទេសតំបន់ខ្សែក្រវ៉ាត់នៃមហាសមុទ្រ ប៉ាស៊ីហ្វិក ជាពិសេសឥណ្ឌូណេស៊ី មានការព្រួយបារម្ភខ្លាំង ហេតុដូច្នេះទើបលំហាត់ហ្វឹកហ្វឺនទុកជាមុនជាមួយក្រុមជំនាញអូស្ត្រាលី ត្រូវបានរៀបចំឡើយ៕