(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងអនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើកិច្ចសន្ទនាជាមួយគ្នាតាមទូរស័ព្ទនៅថ្ងៃចន្ទ ដោយប្រមុខដឹកនាំទាំងពីរបានរំលឹកឡើងវិញនូវភាពចាំបាច់ នៃការធ្វើឱ្យទំនាក់ទំនងទ្វេភាគី ត្រឡប់ទៅរកភាពប្រក្រតីវិញ រួមទាំងសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹង ក្រុមភេរវករ ក៏ដូចជាដោះស្រាយសង្រ្គាមបង្ហូរឈាមនៅស៊ីរី។ នេះបើតាមសេចក្តីប្រកាសពីវិមានក្រឹមឡាំង ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះដែរ លោក ពូទីន បានសាទរចំពោះជ័យជម្នះរបស់លោក ត្រាំ និងបង្ហាញពីគោលបំណងបង្កើតកិច្ចសន្ទនា នៃភាពជាដៃគូជាមួយរដ្ឋាភិបាលអាមេរិកថ្មី។ ប៉ុន្តែព្រមពេលជាមួយគ្នានោះលោក ពូទីន ក៏បានទទួលស្គាល់ផងដែរ ថាទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បាននិងកំពុងឆ្លងកាត់ពេលវេលាដ៏លំបាក ដូច្នេះសម្រាប់លោកផ្ទាល់ ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ត្រូវតែប្រឹងប្រែងរួមគ្នាដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទំាងពីរព្រមទំាងរួមគ្នាដោះស្រាយវិបត្តិនៅស៊ីរី និងប្រយុទ្ធប្រឆាំងជាមួយនឹងក្រុមភេរវករ។
គួរបញ្ជាក់ថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានស្គាល់ភាពតានតឹងខ្លាំង ដោយសារតែវិបត្តិ នៅភាគខាងកើតប្រទេសអ៊ុយក្រែន តំបន់គ្រីមា និងប្រទេសស៊ីរី។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ ធ្លាប់បានធ្វើឱ្យរុស្ស៊ី ពេញចិត្តពេញថ្លើមយ៉ាងខ្លំាងចំពោះការលើកឡើង របស់លោកដែលថានឹងទទួលស្គាល់តំបន់ គ្រីមា ជារបស់រុស្ស៊ី និងដកទណ្ឌកម្មសេដ្ឋកិច្ច បើសិនជាលោកក្លាយជាប្រធានាធិបតីអាមេរិក៕