(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានជួលមេធាវីម្នាក់ទុកការពារក្ដី ឲ្យហើយនៅមុនពេលលោកស្រី ត្រូវក្រុមរដ្ឋអាជ្ញាពិសេសសួរចម្លើយ ពាក់ព័ន្ធនឹងរឿងអាស្រូវជាមួយស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល ដែលនេះនឹងធ្វើឱ្យលោកស្រី ផាក ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេបំផុត ត្រូវបានសួរចម្លើយដោយក្រុមរដ្ឋអាជ្ញា លើសំណុំរឿងបទឧក្រិដ្ឋ ក្នុងពេលកំពុងកាន់តួនាទី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមសារព័ត៌មានយ៉ុនហាប់ ក្រុមរដ្ឋអាជ្ញាពិសេសដែលត្រូវតែងតាំងដោយសភា នឹងធ្វើការស៊ើបអង្កេតលើលោកស្រី ផាក ដើម្បីកំណត់ថាតើលោកស្រីបានដាក់សម្ពាធលើក្រុមហ៊ុនធំៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង ឱ្យបរិចា្ចគប្រាក់ដល់មូលនិធិរបស់ស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល ដែរឬទេ? ហើយមិនតែប៉ុណ្ណោះពួកគេក៏នឹងសិក្សាផងដែរ ជុំវិញការចោទប្រកាន់ដែលថាស្រី្ដ ឆយ ស៊ូនស៊ីល បានប្រើប្រាស់អំណាចលោកស្រី ផាក លូកដៃចូលក្នុងកិច្ចការរបស់រដ្ឋដែរឬយ៉ាងណា។
គួររំលឹកថាប្រជាប្រិយភាពរបស់លោកស្រី ផាក គឺនហេ បានដាំក្បាលធ្លាក់ចុះយ៉ាងខ្លំាងបន្ទាប់ពីរឿងអាស្រូវស្រ្ដី ឆយ ស៊ូនស៊ីល ផ្ទុះឡើង ខណៈលោកស្រីកំពុងប្រឈមមុខនឹងការទាមទារឱ្យចុះចេញពីតំណែង ពីសំណាក់គណបក្សប្រឆាំង និងក្រុមបាតុករដែលត្រូវបានគេអះអាងថាមានគ្នាជាង ១លាននាក់បានប្រមូលផ្តុំនៅទីក្រុងសេអ៊ូល៕