បាតុកម្មប្រឆាំងលោក ដូណាល់ ត្រាំ ឈានចូលដល់ថ្ងៃទី៦ ខណៈទីក្រុង Portland បន្តពុះកញ្ជ្រោលជាងគេ និងមានសិស្សវិទ្យាល័យត្រៀមចេញធ្វើបាតុកម្ម (Video inside)
15-11-2016 09:22
(អាមេរិក)៖ សិស្សថ្នាក់វិទ្យាល័យរាប់រយនាក់ មកពីវិទ្យាល័យយ៉ាងហោចណាស់ ៤កន្លែងក្នុងទីក្រុង Portland នៃរដ្ឋអូរ៉េហ្គន បានប្រមូលផ្តុំគ្នានៅថ្ងៃដើមសប្តាហ៍នេះ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងលោក ដូណាល់ ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាមេរិក ដែលឈានចូលដល់ថ្ងៃទី៦ ទៅហើយនៃការតវ៉ាតាមបណ្តាទីក្រុងធំៗ របស់អាមេរិក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្រាប់បាតុកម្មនៅថ្ងៃទី៥ ត្រូវបានមន្ត្រីប៉ូលិសទីក្រុង Portland អះអាងថាបានប្រព្រឹត្តទៅដោយ សន្តិវិធីមិនមានអំពើហិង្សាអ្វីធ្ងន់ធ្ងរកើតនោះទេ ប៉ុន្តែបាតុករសរុបជាង ១០០នាក់ហើយនៅទីក្រុង ភាគពាយ័ព្យប្រទេសមួយនេះត្រូវបានចាប់ខ្លួន។ ដោយឡែកការធ្វើបាតុកម្មឈានចូលដល់ថ្ងៃទី៦នេះ ក្រុមសិស្សវិទ្យាល័យ ត្រូវបានប៉ូលិសអនុញ្ញាតឲ្យប្រមូលផ្តុំនៅពីមុខ City Hall ប៉ុន្តែមិនដឹងថា ស្ថានការណ៍នឹងទៅជាយ៉ាងនៅឡើយទេ ដោយសារតែបាតុកម្មទើបតែចាប់ផ្តើម។
គួរបញ្ជាក់ថាប៉ូលិសបានអំពាវនាវឲ្យឪពុកម្តាយ របស់សិស្សថ្នាក់វិទ្យាល័យទាំងនោះ ប្រមូលយកកូនៗរបស់ពួកគេឲ្យទៅសាលារៀនវិញ។ សម្រាប់ទីក្រុង Porland បាតុករជាង ១០០នាក់ដែលត្រូវបានចាប់ខ្លួននោះ គឺដោយសារតែពួកគេបានល្មើសច្បាប់ក្នុងពេលបាតុកម្ម៕