(​វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ទើបតែជាប់ឆ្នោតថ្មីថ្មោង លោក ដូណាល់ ត្រាំ មិនទាន់បានសម្រេចចិត្ត នៅឡើយទេជុំវិញការដកតំណែង នាយកការិយាល័យ សហព័ន្ធស៊ើបអង្កេត FBI​ លោក James Comey ដែលមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ Email របស់លោកស្រី ហ៊ីលឡារី គ្លីនតុន។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា នៅក្នុងបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍ CBS លោក ដូណាល់ ត្រាំ ហាក់ដូចជាបានបង្ហើបបន្តិចបន្តួច ពីគោលបំណងរបស់លោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងបទសម្ភាសន៍ជាមួយ CBS​ នៅពេលឆ្លើយតបនឹង សំណួរដែលសួរថា តើលោកនឹងសំរេចចិត្តដកតួនាទី លោក James Comey ដែរឬទេ? ប្រធានាធិបតីអាមេរិកទី៤៥ រូបនេះបានឆ្លើយថា «ខ្ញុំមិនទាន់បានសម្រេច ចិត្តនៅឡើយទេ។ ខ្ញុំពិតជាគោរពគាត់ (​លោក Comey) និងចំពោះ FBI។ ម្យ៉ាងទៀតជា ការពិតណាស់ខ្ញុំនឹង និយាយជាមួយគាត់ នៅពេលខ្ញុំបានជួបគាត់។ ប៉ុន្តែវាអាចនឹងក្លាយជាពេលវេលាដ៏លំបាកសម្រាប់គាត់ ហើយគាត់ប្រហែលជាមានហេតុផលដ៏ល្អ ដើម្បីបង្ហាញនូវអ្វីដែលគាត់បានធ្វើ»។

សូមជំរាបថា កាលពីខែកក្កដា ​FBI បានប្រកាសបិទការស៊ើបអង្កេត លើរឿងអាស្រូវ Email របស់លោកស្រី គ្លីនតុន។ តែក្រោយមកនៅសល់តែជាង១១ថ្ងៃ មុនការបោះឆ្នោត FBI ស្រាប់តែបើកការស៊ើបអង្កេតនេះឡើងវិញ ហើយនៅកៀរថ្ងៃបោះឆ្នោតក៏បានប្រកាសថា រឿងអាស្រូវ Email របស់លោកស្រី គ្លីនតុន មិនជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងខ្លំាង ដល់យុទ្ធការឃោសនាបោះឆ្នោត របស់លោកស្រីគ្លីនតុន រហូតដល់ អ្នកជំនាញមួយចំនួន សនិ្នដ្ឋានថា វាជាមូលហេតុនៃបរាជ័យសម្រាប់លោកស្រី៕