(អាមេរិក)៖ ក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួនបានព្រមព្រៀងទិញយក Harman International Industries ដែលជាក្រុមហ៊ុនផ្នែកបចេ្ចកវិទ្យា Audio Solution ក្នុងតម្លៃ ៨ពាន់លានដុល្លារអាមេរិក ក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធសំឡេង សម្រាប់រថយន្ដ និង រថយន្ដបំពាក់ដោយប្រព័ន្ធអិនធឺណេត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg។
ក្រុមហ៊ុន Samsung បានឱ្យដឹងថា តម្លៃហ៊ុន Harman មានចាប់ពី១១២ដុល្លារ ជាមួយនឹងប្រាក់ធានា២៨% ពីលើតម្លៃហ៊ុនរបស់ Harman ៨៧.៦៥ ដុល្លារ នៅពេលផ្សារហ៊ុន ក្នុងទីក្រុងញូយ៉កបិទទ្វារជួញដូរនៅថ្ងៃសុក្រ។
គួរបញ្ជាក់ថា ការទិញយកក្រុមហ៊ុន Harman នឹងជួយឱ្យក្រុមហ៊ុន Samsung ពង្រីកវត្តមាននៅក្នុងទីផ្សារ រថយន្ដអេឡិចត្រូនិច និងបច្ចេកវិទ្យាអិនធឺណែត៕