(សេអ៊ូល)៖ ប្រធានគណបក្សប្រឆំាង Minjoo កូរ៉េ លោកស្រី Choo Mi-ae នៅល្ងាចថ្ងៃចន្ទបានសម្រេច ចិត្តលុបចោលភ្លាមៗជំនួបទ្វេភាគីជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ដែលគ្រោង នឹងធ្វើឡើនៅថ្ងៃអង្គារស្អែកនេះ ដោយសារតែការស្ទាក់ស្ទើរបស់ក្រុមការងារ នៅក្នុងគណបក្សរបស់លោកស្រី និងគណបក្សមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅមុននេះ បន្តិចនាយប់ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
កាលពីដំបូងឡើយ លោកស្រី Choo Mi-ae គឺជាអ្នកស្នើសុំនៅព្រឹកថ្ងៃចន្ទ ឱ្យមានជំនួបជាមួយលោកស្រី Park Geun-hye ខណៈខាងវិមានប្រធានាធិបតី ក៏បានទទួលយកសំណើរនេះដែរ ប៉ុន្តែក្រោយមកពោលគឺនៅបន្ទាប់ពីសភាកូរ៉េខាងត្បូង សម្រេចតែងតាំងរដ្ឋអាជ្ញាឯករាជ្យមួយដើម្បីធ្វើការស៊ើបអង្កេត លើរឿងអាស្រូវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង, លោកស្រី Choo បានសម្រេចចិត្តលុបចោលជំនួបនេះដោយសំអាងថា គណបក្សមានការស្ទាក់ស្ទើរ ហើយលើសពីនេះទៅទៀត កិច្ចសន្ទានាជាមួយលោកស្រី Park អាចនឹងប្រឆំាងមតិសាធារណៈជនកូរ៉េ ក៏ដូចជាបំផ្លាញទំនាក់ទំនងជាមួយ នឹងគណបក្សនយោបាយផ្សេងទៀត ដែលសុទ្ធតែចង់ឱ្យលោកស្រីប្រធានាធិបតីចុះចេញពីតំណែង។
តែយ៉ាងក៏ដោយជាការឆ្លើយតប ខាងវិមានប្រធានាធិបតី បានអះអាងថា កិច្ចចរចារនៅតែបើកទ្វារជានិច្ចដើម្បី ស្វែងរកដំណោះស្រាយសម្រាប់ ស្ថានភាពនយោបាយក្នុងប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ន៕