(អង់ការ៉ា)៖ ប្រទេសតួកគី អាចនឹងរៀបចំការបោះឆ្នោតប្រជាមតិមួយ នៅឆ្នាំ២០១៧ ស្ដីពីដំណើរការនីតិវិធី សុំចូលជាសមាជិកសហភាពអឺរ៉ុប។ នេះគឺជាការលើកឡើង របស់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងសុន្ទរកថា នៅឯទីក្រុងអង់ការ៉ា និងចុះផ្សាយបន្តតាមរយៈទូរទស្សន៍រដ្ឋ លោក Erdogan ព្រមានជាថ្មីម្ដងទៀតថា ការសម្រេចចិត្តរៀបចំការបោះឆ្នោតប្រជាមតិនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងតួកគី និងសហភាពអឺរ៉ុប។ ទន្ទឹមគ្នានោះដែរ លោក Erdogan បានអំពាវនាវឱ្យប្រជាជនតួកគីទាំងអស់បន្តអត់ធ្មត់ រង់ចាំរហូតដល់ដំណាច់ឆ្នាំ២០១៦ ព្រោះថាការបោះឆ្នោតប្រជាមតិមួយ ស្ដីពីដំណើរការនីតិវិធីសុំចូលជា សមាជិកសហភាពអឺរ៉ុបនឹងត្រូវបានធ្វើឡើងនៅឆ្នាំក្រោយនេះ ស្របពេលដែលលោកអាចនឹងផ្ដល់សុពលភាព លើច្បាប់កាត់ទោសប្រហារជីវិត បើសិនជាសភាយល់ព្រមអនុម័ត។
គួរបញ្ជាក់ថា ដោយសារតែច្បាប់កាត់ទោសប្រហារជីវិតនេះឯង ដែលបានធ្វើឱ្យជាប់គាំងដល់ដំណើរការនីតិវិធី សុំចូលជាសមាជិកសហភាពអឺរ៉ុប របស់តួកគី ត្បិតវាផ្ទុយទៅនឹងលក្ខន្តិកៈសហភាពអឺរ៉ុប ខណៈតួកគីក៏នឹង ទំនងជាអាចរៀបចំការបោះឆ្នោតមួយទៀតផងដែរ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងអំណាច ប្រធានាធិបតី៕