(ប៉េកាំង)៖ កិច្ចសហប្រតិបត្តិការគឺជាជំរើសតែមួយគត់ សម្រាប់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក។ នេះគឺជាការលើកឡើងរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រាប់ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដែលចុះផ្សាយដោយសារព័ត៌មានរដ្ឋចិន CCTV នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងឱកាសនោះដែរ លោក ស៊ី ជិនពីង បាននិយាយដូច្នេះថា «ជាការពិតណាស់កិច្ចសហប្រតិបត្តិការ គឺជាជំរើសដោយផ្ទាល់តែមួយគត់ សម្រាប់ចិន និងសហរដ្ឋអាមេរិក ហើយភាគីទំាងពីរត្រូវតែពង្រឹងកិច្ចសម្របសម្រួលរួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឈន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ព្រមទាំងកំណើនសេដ្ឋកិច្ចពិភពលោក តាមរយៈការអភិវឌ្ឈន៍លើគ្រប់វិស័យ ជាពិសេសគឺការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ចិន-សហរដ្ឋអាមេរិក ដើម្បីធានាឱ្យបានថា ប្រជាជននៃប្រទេសទំាងពីរនឹងទទួលបានផលប្រយោជន៍យ៉ាងរ៉ឹងមាំ»។
សូមជំរាបថា បើគេចាំមិនភ្លេចទេ នៅក្នុងអំឡុងយុទ្ធនាការឃោនាបោះឆ្នោត លោកត្រាំ ធ្លាប់បានប្រើពាក្យរិះគន់ធ្ងន់ៗប្រឆាំងនឹងទីក្រុងប៉េកាំង ដោយលោកថែមទាំងស្នើតម្លើងពន្ធដល់ទៅ៤៥ភាគរយ លើការនាំចូលផលិតផលចិនមកកាន់សហរដ្ឋអាមេរិក៕