លោក ដូណាល់ ត្រាំ ចង់បណ្ដេញជនភៀសខ្លួន ខុសច្បាប់ជាង៣លាននាក់ ចេញពីសហរដ្ឋអាមេរិក
14-11-2016 16:22
(វ៉ាស៊ីនតោន)៖ អានាគតប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ចង់បណ្ដេញជនភៀសខ្លួនខុសច្បាប់ជាង៣លាននាក់ ចេញពីសហរដ្ឋអាមេរិក ដែលនេះជាផ្នែកមួយនៃការអនុវត្តន៍តាមពាក្យសន្យារបស់ខ្លួននៅ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CBS នៅ ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ CBS យ៉ាងដូច្នេះថា «អ្វីដែលយើងត្រូវធ្វើនោះ គឺបណ្ដេញតែអ្នករស់នៅដោយខុសច្បាប់ ព្រមទំាងចាប់បញ្ជូនក្រុមឧក្រិដ្ឋជន ក្រុមជនពាល ឧក្រិដ្ឋជនជួញដូរ គ្រឿងញៀនប្រមាណជាង២លាននាក់ ឬអាចដល់៣លាននាក់ចេញពីទឹកដីសហរដ្ឋអាមេរិក ឬចាប់ពួកគេដាក់ពន្ធនាគារ»។ ដោយឡែកនៅពេលពិធីករ CBS សួរថា តើលោក នឹងសាងសង់ជញ្ជាំព្រំដែនជាមួយប្រទេស ម៉ិចសិក លោក ត្រាំ ឆ្លើយយ៉ាងខ្លីថា «ពិតមែនហើយ» ក៏ប៉ុន្តែនៅលើកនេះលោកក៏បញ្ជាក់ដែរថា ការសាងសង់ ជញ្ជាំងនេះធ្វើឡើងទៅតាមតំបន់ដែលគួរសាងសង់ប៉ុណ្ណោះ។
សូមជំរាបថា កាលពីដំបូងឡើយ លោកដូណាល់ ត្រាំ ធ្លាប់សន្យាថា បើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោកនឹងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ជិត ១១ លាននាក់ចេញពីសហរដ្ឋអាមេរិក តែក្រោយដោយសារតែការសន្យានេះ ធ្វើឱ្យលោកធ្លាក់ប្រជាប្រិយភាព ទើបលោកអះអាងឡើងវិញថា លោកបណ្ដេញ តែក្រុមឧក្រិដ្ឋជន៕