(សេអ៊ូល)៖ រដ្ឋសភានៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានសម្រេចតែងតែងរដ្ឋ អាជ្ញាធរឯករាជ្យមួយដើម្បីធ្វើការស៊ើបអង្កេតលើរឿងអាស្រូវ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដោយផ្ទាល់ហើយ ឆ្លើយតបទៅនឹងកម្តៅនៃការតវ៉ាប្រឆាំង ដែលកំពុងតែដុតរោលសង្គម កូរ៉េខាងត្បូងយ៉ាងខ្លាំងក្លា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
គណបក្សប្រឆាំង «Minjoo» និងគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង «Saenuri» បានសម្រេច រួមគ្នាក្នុងការតែងតាំងរដ្ឋអាជ្ញាខាងលើនេះ ហើយបន្ទាប់មកទៀតក្រុមប្រឹក្សាឯករាជ្យមួយនឹងត្រូវបង្កើតឡើង ដើម្បីស៊ើបអង្កេតលើរឿងអាស្រូវ របស់លោកស្រី ផាក គឺនហេ។ សម្រាប់សំណើបេក្ខជន ដើម្បីកាន់តំណែងជារដ្ឋអាជ្ញាឯករាជ្យដើម្បីឲ្យគេត្រូវជ្រើសតាំងនោះ គឺគណបក្សកាន់អំណាចមិនមានសិទ្ធិ ក្នុងការណែនាំនោះឡើយ។
គួរបញ្ជាក់ថាការស៊ើបអង្កេតលើរឿងអាស្រូវខាងលើនេះ ត្រូវការពេលយ៉ាងហោចណាស់ក៏ ១២០ថ្ងៃដែរ ដោយមានគណរដ្ឋអាជ្ញាដឹកនាំប្រតិបត្តិការចំនួន ៤រូប និងរដ្ឋអាជ្ញាទូទៅចំនួន ២០រូប ព្រមទាំងក្រុមស៊ើបអង្កេតពិសេសដែលមានគ្នា ៤០រូប។ ទោះបីជាយ៉ាងណាក្តីគេនៅមិនទាន់ដឹងថាតើក្រុមបាតុករ នឹងអាចទ្រាំដល់ថ្ងៃនោះ ដែរឬមួយក៏យ៉ាងណានោះទេ ព្រោះបច្ចុប្បន្នស្ថានការណ៍កំពុងតែតានតឹងខ្លាំង៕