(ភ្នំពេញ)៖ ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង បានមើលឃើញថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកអាចនឹងធ្លាក់ចុះ បើសិនជាគ្មានការចេញមុខដោះស្រាយដោយក្រុមអ្នកចាញ់ឆ្នោត ឬអតីតប្រធានាធិបតីអាមេរិក ចំពោះបាតុកម្មបច្ចុប្បន្នទេនោះ។ ចំណែកលោក សុខ ឈុនអឿន តំណាងសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ឋកម្ពុជា បានចាត់ទុកការបង្រ្កាប បាតុករដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ នៅសហរដ្ឋអាមេរិក ជារឿងត្រឹមត្រូវ។
លោក អ៊ូច ឡេង បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា «អាមេរិកជាបិតាប្រជាធិបតេយ្យនៅលើពិភពលោក ហើយបើមានការបង្ហូរឈាម មានបាតុកម្ម(ហិង្សា)ជាដើមនោះ ខ្ញុំជឿថាលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកនឹងធ្លាក់ចុះ បើសិនជាគ្មានការចេញមុខបកស្រាយពន្យល់ដោយអតីតប្រធានាធិបតីមុនៗ ឬក៏ឯកឧត្តម អូបាម៉ា ឬលោកជំទាវ ហ៉ីលឡារី គ្លីនតុន ទេនោះ»។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីត្រូវបានប្រកាស ក្រុមអ្នកគាំទ្រលោកស្រី ហ៉ីលឡារី គ្លីនតុន មួយចំនួនបានធ្វើបាតុកម្មប្រឆាំងនឹង លោក ដូណាល់ ត្រាំ ដែលជាប់ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ទន្ទឹមគ្នានេះរដ្ឋាភិបាលអាមេរិក ក៏បានបើកការ បង្រ្កាបយ៉ាងចាស់ដៃផងដែរ ដើម្បីទប់ទល់នឹងបាតុកម្មនេះ រហូតដល់មានការចាប់ខ្លួនជាច្រើនរយនាក់។
លោក អ៊ូច ឡេង បានអះអាងថា បាតុកម្មហិង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងការបង្រ្កាបបណ្តាលឱ្យមានអ្នករបួសនេះ គឺកំពុងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក ដែលជាប្រទេសបិតាប្រជាធិបតេយ្យ។
លោក សុខ ឈុនអឿន តំណាងសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ឋកម្ពុជា (CIWA) នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចាត់ទុកការបង្រ្កាប បាតុករដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ នៅសហរដ្ឋអាមេរិក ជារឿងត្រឹមត្រូវ។ លោក សុខ ឈុនអឿន បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា លោកគាំទ្រដល់ការបង្រ្កាបបាតុកម្មទាំងឡាយណា ដែលបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ ប៉ុន្តែលោកយល់ថា ការបង្រ្កាបត្រូវតែធ្វើឡើងក្នុងកម្រិតមួយដែល សមស្រប។
ទន្ទឹមនឹងការប្រកាសជំហររបស់ លោក សុខ ឈុនអឿន នៅកម្ពុជាមានអង្គការសង្គមស៊ីវិលនៅកម្ពុជាមួយចំនួន បាននឹងកំពុងឃ្លាំមើលស្ថានភាពបាតុកម្ម នៅអាមេរិកពេលនេះ។ មានស្ថាប័នខ្លះបានគាំទ្រដល់ការបង្រ្កាបបាតុកម្មនៅសហរដ្ឋអាមេរិក ហើយចាត់ទុកថា ជារឿងត្រឹមត្រូវ ព្រោះបាតុកម្មមិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតនេះ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងស្ថាប័នខ្លះទៀតបានលើកឡើងថា ករណីនេះមិនមានការរំលោភសិទ្ធិមនុស្ស។
សូមជំរាបថា ប៉ូលិសទីក្រុង Portland នៃរដ្ឋអូរ៉េហ្គន សហរដ្ឋអាមេរិកបានស្នើឲ្យសាធារណជនជួយកំណត់ អត្តសញ្ញាណជនសង្ស័យមួយចំនួន ដែលបានចូលអុកឡុកស្ថានការណ៍ និងវាយប្រហារទៅលើ ក្រុមបាតុករប្រឆាំងលោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើផ្អែកតាមការផ្សាយរបស់សារព័ត៌មានអន្តរជាតិសំខាន់ៗ លើពិភពលោកនៅយប់ និងព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា កម្លាំងប៉ូលីសរបស់សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការបង្ក្រាបបាញ់គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុកររាប់ពាន់នាក់ ដែលប្រឆាំងនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកដែលបានបញ្ចប់ទៅកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ។ គណបក្សចាញ់ឆ្នោត របស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលតាំងខ្លួនជា បិតាប្រជាធិបតេយ្យ និងកំពូលគោរពសិទ្ធិមនុស្សលើលោក កំពុងផ្ទុះបាតុកម្មដ៏កក្រើកទូទាំងប្រទេស ប្រឆាំងនឹងលទ្ធផលឆ្នោត។ ក្រុមបាតុករត្រូវបានប៉ូលីសប្រើអាវុធ បំផ្ទុះ, បាញ់គ្រាប់បែកផ្សែង និងចាប់ខ្លួនសរុបជាង៣៥០នាក់ និងបាញ់របួសធ្ងន់ម្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ៕
សូមទស្សនារូបភាពពីសកម្មភាព ប្រើហិង្សាសាហាវៗរបស់ក្រុមបាតុករ៖