(វ៉ាលីងតោន)៖ ទីភ្នាក់ងារភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីថ្មីមួយទៀតកកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារមកលើកោះភាគខាងត្បូង នៃប្រទេសនូវែលសេឡង់ នៅថ្ងៃចន្ទនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅបន្ទាប់ពីអាជ្ញាធរនូវែលសេឡង់អះអាងថា មនុស្សយ៉ាងហោចណាស់ ០២នាក់បានស្លាប់ ខណៈអាគារនិងផ្លូវថ្នល់ជាច្រើនបានរងការខូតខាត ដោយសារគ្រោះរញ្ជួយដីដ៏ខ្លំាងមួយមានកំរិតដល់ទៅ ៧.៨រ៉ិចទ័របានវាយប្រហារមកលើតំបន់ឆ្នេរ East Cape ទៅ Southland ក្នុងនោះក៏រួមទាំងទីក្រុងវ៉ាលីងតោន និងប្រជុំ កោះ Chatham ផងដែរ ប៉ុន្តែសម្រាប់លើកក្រោយនេះ គេនៅពុំទាន់ទទួលបានពី សេចក្តីរាយការណ៍អំពីការខូចខាតបន្ថែមនោះទេ។
គួរបញ្ជាក់ថាគ្រោះរញ្ជួយដី ពីថ្ងៃអាទិត្យម្សិលមិញ ដែលបង្កជារលកយក្សស៊ូណាមិកម្ពស់០៥ម៉ែត្រ បានវាយប្រហារកោះធំ ភាគខាងត្បូង នៃប្រទេសនូវែលសេឡង់ នៅវេលាម៉ោង ០០៖០២នាទីយប់ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ដោយបានបង្កជាការខូចខាតយ៉ាងដំណុំ។ ចំណែកឯក្រុមអ្នកជួយសង្រ្គោះបានប្រើប្រាស់ ឧទ្ធម្ភាគចក្រធ្វើដំណើរ ទៅកាន់តំបន់ចំណុចកណ្ដាល នៃគ្រោះរញ្ជួយដីស្ថិតនៅចម្ងាយ ៩១គីឡូម៉ែត្រពីភាគឦសានទីក្រុង Christchurch ដើម្បីស្វែងរកមនុស្សដែលអាចជាប់នៅខាងក្រោមគំនរអាគារបាក់បែក៕
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១១ គ្រោះរញ្ជួយដីកម្រិត៦.១រ៉ិចទ័រ បានវាយប្រហារទីក្រុង Christchurchចម្ងាយ ពីតំបន់ខាងលើនេះ៩០គីឡូម៉ែត្រ និងបានសម្លាប់មនុស្ស ១៨៥នាក់ឯណោះ៕