(វ៉ាស៊ីនតោន)៖ ក្រុមអ្នករៀបចំក្បួនតវ៉ាបានឱ្យដឹងថា ស្រ្តីប្រមាណជាមួយលាននាក់អាចនឹងចូលរួម នៅក្នុងក្បួនដង្ហែមួយដើម្បីបង្ហាញពីគោលជំហរការពារសិទ្ធិស្ត្រី នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលគ្រោងនឹងធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ ត្រូវបានតែងតំាងជាប្រធានាធិបតីជាផ្លូវការ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមក្រុមអ្នករៀបចំបាតុកម្មតវ៉ា ក្បួនដង្ហែមានឈ្មោះថា «Women's March on Washington» ឬ «ក្បួនដង្ហែរបស់ស្រី្តនៅទីក្រុង Washington» នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ២១ ខែមករា ឆ្នាំ២០១៧ ពោលគឺមួយថ្ងៃនៅក្រោយ លោកដូណាល់ ត្រាំ ត្រូវបានតែងតំាងជាប្រធានាធិបតី ជាផ្លូវការ ហើយក្បួនដង្ហែនេះទៀតសោតមានគោលបំណងជំរុញឱ្យលោក ត្រាំ ផ្លាស់ប្ដូរអាកប្បកិរិយា មិនគួរគប្បីចំពោះស្ត្រីក្នុងនោះរួម មានទំាងការប្រើពាក្យសម្ដីអសុរសទៅ លើស្រ្តីកាលពីអតីតកាល។
គួរបញ្ជាក់ថា Women's March on Washington បានទាក់ទាញមនុស្សទំាងប្រុសស្រី ៤០,០០០នាក់រួចមកហើយក្នុងរយៈពេល ២៤ម៉ោង ឲ្យចូលរួមក្នុងក្បួនដង្ហែនេះនៅឆ្នាំ២០១៧៕