(សេអ៊ូល)៖ ប្រធានគណបក្សប្រឆាំង Minjoo កូរ៉េខាងត្បូង លោកស្រី Choo Mi-ae បានស្នើនៅព្រឹកថ្ងៃចន្ទនេះដល់ លោកស្រីប្រធានាធិបតី ផាក គឺនហេ ឲ្យរៀបចំកិច្ចប្រជុំជាបន្ទាន់មួយ ក្នុងគោលបំណងដោះស្រាយស្ថានភាពនយោបាយបច្ចុប្បន្ន ខណៈខាងវិមានប្រធានាធិបតីក៏បានទទួលយកសំណើនេះដែរ។ នេះបើតាមការិយាល័យប្រធានាធិបតី ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន អ្នកនាំពាក្យលោកស្រី ផាក លោក Jung Youn-kuk បានឱ្យដឹងថាការបើកកិច្ចចរចាទ្វេភាគី ត្រូវបានស្នើឡើងដោយគណបក្សប្រឆាំង Minjoo ក៏ប៉ុន្តែលោកមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះទេពាក់ព័ន្ធ នឹងជំនួបរវាងគណបក្សទំាងពីរស្របពេលដែលសំណើរនេះ ធ្វើឡើងនៅបន្ទាប់ពីប្រជាជនកូរ៉េខាងត្បូងរាប់លាននាក់ នាំគ្នាបាតុកម្មតវ៉ាទ្រង់ទ្រាយធំ នៅកណ្ដាលទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ ដែលមិនធ្លាប់មានគិតចាប់តំាងពីឆ្នាំ១៩៨៧មក ដើម្បីទាមទារឱ្យលោកស្រី ផាក ចុះចេញពីមុខដំណែង។
ដោយឡែកនៅថ្ងៃអាទិត្យម្សិលមិញ លោកស្រី Choo Mi-ae ប្រធានគណបក្សប្រឆាំង Minjoo កូរ៉េ បាននិយាយថា «លោកស្រី ផាក គួរតែដោះស្រាយបញ្ហាដែលខ្លួនឯងបង្កឡើងជាជាងគ្រាន់ តែចំាធ្វើការងារចុងក្រោយសំដៅទទួលបាន អធិបតេយ្យភាពនៃអំណាចពីប្រជាជន»។ គួរបញ្ជាក់ថា បើតាមលោកស្រី Choo Mi-ae លោកស្រី នឹងស្នើឱ្យលោកស្រី ផាក គឺនហេ ចុះចេញពី តំណែងនៅក្នុងជំនួបទ្វេភាគី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារស្អែកនេះ៕