(អាមេរិក)៖ ប៉ូលិសទីក្រុង Portland នៃរដ្ឋអូរ៉េហ្គន សហរដ្ឋអាមេរិកបានស្នើឲ្យសាធារណជនជួយកំណត់ អត្តសញ្ញាណជនសង្ស័យមួយចំនួន ដែលបានចូលអុកឡុកស្ថានការណ៍ និងវាយប្រហារទៅលើ ក្រុមបាតុករប្រឆាំងលោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ចាប់តាំងពីយប់ថ្ងៃសៅរ៍មក នៅពេលដែលការតវ៉ា បានឈានទៅដល់អំពើហិង្សានៅទីក្រុងដែលស្ថិតនៅ ភាគពាយ័ព្យសហរដ្ឋអាមេរិកនេះ ប៉ូលិសទីក្រុង Portland បានបង្ហោះនៅក្នុងបណ្តាញ Twitter របស់ ខ្លួននូវរូបភាពនានាដែលបានបង្ហាញពីសកមុ្មភាពជនសង្ស័យមួយចំនួន ដែលបានចូលមកក្រឡុកស្ថានការណ៍ និងខ្លះបែរជាបានវាយប្រហារមកលើបាតុករទៅវិញ។ រូបភាពទាំងនោះត្រូវបានចាប់យកបានដោយកាមេរ៉ាសុវត្ថិភាព។
គួរបញ្ជាក់ថាទីក្រុង Portland ដែលហាក់ក្តៅគគុកជាងគេ ចំពោះការប្រឆាំងលោក ដូណាល់ ត្រាំ នោះបានកើតមានការវ៉ាតាំងពីយប់ថ្ងៃអង្គារមកម្ល៉េះ គឺចាប់តាំងពីលទ្ធផលច្បាស់លាស់ត្រូវបានប្រកាស។ គិតត្រឹមម៉ោង១០៖១៥នាទីយប់ថ្ងៃសៅរ៍ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ក្មេងៗមិនទាន់គ្រប់អាយុ ដែលមានអាយុចម្លោះពី ១៤ ទៅ ១៧ឆ្នាំ ត្រូវបានប៉ូលិសឃាត់យកទៅណែនាំ និងមនុស្ស៧១នាក់ទៀតត្រូវបានចាប់ខ្លួនតែម្តងនៅក្នុងទីក្រុង Portland មួយប៉ុណ្ណោះ៕