(វ៉ាស៊ីនតោន)៖ ក្រុមបាតុករនៅតាមទីក្រុងសំខាន់ជាច្រើនក្នុងសហរដ្ឋអាមេរិក នៅតែបន្តធ្វើបាតុកម្មតវ៉ានៅ ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) ដែលជាថ្ងៃទី៥ ដើម្បីប្រឆាំងនឹងប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ ខណៈប្រធានយុទ្ធការឃោសបោះឆ្នោតរបស់លោកត្រាំ ជំរុញឱ្យលោកបារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីលឡារី គ្លីនតុនបង្កើនការគាំទ្រដល់ការផ្ទេរអំណាចដោយសន្តិវិធី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក្រុមបាតុករ បាននំាគ្នាដើរហែរជាក្បួនតវ៉ា នៅតាមឧទ្យាន នៅក្នុងទីក្រុង New York , San Francisco, Oakland និងទីក្រុង California ហើយលើសពីនេះទៅទៀតបាតុកររាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅខាងមុខអាគារពាណិជ្ជកម្មរបស់លោកត្រាំ នៅសង្កាត់ Manhattan តែម្ដង ដោយក្រុមបាតុករមួយចំនួនធំយល់ថា លទ្ធផលបោះឆ្នោតនាពេលថ្មីៗនេះ បង្ហាញថា លោកត្រាំបានបាត់បង់ ប្រជាប្រិយភាពយ៉ាងខ្លំាង ប៉ុន្តែលោកបែរជាទទួលបានចំនួនប្រតិភូគ្រប់គ្រាន់ក្នុងចំណោម ៥៣៨ ដើម្បីក្លាយ ជាប្រធានាធិបតីអាមេរិកទៅវិញ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរប៉ូលិស មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន៧១នាក់ត្រូវបានឃាត់ខ្លួន នៅក្នុងទីក្រុង Portland នៃរដ្ឋ Oregon កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហឹង្សា ប៉ុន្តែបើសរុបការចាប់ខ្លួនទាំងប្រមាណជាង៣៥០នាក់៕