Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការសប្បុរសធម៌ជាង ១៧០ ទាមទាររំសាយប្រព័ន្ធជំនួយថ្មីនៅហ្គាហ្សា ក្រោយមនុស្សជាង ៥០០នាក់ស្លាប់ (Video inside)

01-07-2025 19:34

(ហ្គាហ្សា)៖ ក្រុមអង្គការក្រៅរដ្ឋាភិបាល (NGOs) អន្តរជាតិជាង ១៧០ នៅថ្ងៃអង្គារនេះ បានចេញសេចក្តីអំពាវនាវរួមគ្នាមួយ ទាមទារឲ្យរំសាយចោលនូវគម្រោងចែកចាយជំនួយដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅតំបន់ហ្គាហ្សា ដោយចាត់ទុកថាវាជាប្រព័ន្ធដ៏គ្រោះថ្នាក់ដែលបានរួមចំណែកដល់ការស្លាប់របស់ជនស៊ីវិលជាង ៥០០នាក់។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលមានការចូលរួមពីអង្គការល្បីៗដូចជា Oxfam និង Doctors Without Borders បានបញ្ជាក់ថា «ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា ប្រឈមមុខនឹងជម្រើសដែលមិនអាចទៅរួច៖ អត់ឃ្លាន ឬប្រថុយនឹងការបាញ់សម្លាប់ ខណៈពេលដែលព្យាយាមយ៉ាងអស់សង្ឃឹមដើម្បីទៅយកអាហារ»។ ពួកគេបានចោទប្រកាន់ថា ប្រព័ន្ធរបស់មូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) បានបង្ខំឲ្យប្រជាជនដែលការអត់ឃ្លាន ធ្វើដំណើរឆ្លងកាត់តំបន់ជម្លោះដ៏គ្រោះថ្នាក់។

គម្រោង GHF ដែលប្រើប្រាស់ក្រុមហ៊ុនសន្តិសុខឯកជន ត្រូវបានរងការរិះគន់ពី UN ថា «មិនមានសុវត្ថិភាពទាំងស្រុង»។ ទោះជាយ៉ាងណា GHF បានការពារប្រតិបត្តិការរបស់ខ្លួន ដោយអះអាងថាបានចែកជូនអាហារជាង ៥២លានពេល ហើយថាប្រព័ន្ធរបស់ខ្លួន ការពារមិនឲ្យ ជំនួយធ្លាក់ទៅក្នុងដៃក្រុមហាម៉ាស់ ដែលជាគោលជំហរមួយស្រដៀងនឹងការអះអាងរបស់អ៊ីស្រាអែលដែរ។

គួរបញ្ជាក់ថា ការអំពាវនាវទ្រង់ទ្រាយធំរបស់សហគមន៍មនុស្សធម៌នេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងជំហររបស់យោធាអ៊ីស្រាអែល ដែលបានត្រឹមតែទទួលស្គាល់ថាជនស៊ីវិលបានរងគ្រោះ និងបានអះអាងថាកំពុងមាន «មេរៀនដែលបានរៀនសូត្រ» ក៏ដោយ។ សម្រាប់ក្រុមអង្គការក្រៅរដ្ឋាភិបាល ជំហរបែបនេះគឺមិនគ្រប់គ្រាន់នោះទេ ដោយពួកគេបានទាមទារឲ្យរំសាយចោលប្រព័ន្ធផ្តល់ជំនួយទាំងមូល មិនមែនត្រឹមតែកែប្រែនោះទេ៕