(វ៉ាលីងតោន)៖ សារព័ត៌មាន Reuters ចេញផ្សាយនៅយប់ជ្រៅចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះឲ្យដឹងថា លោក John Key នាយករដ្ឋមន្រ្តី ប្រទេស New Zealand បាននិយាយថា មានមនុស្ស២នាក់បានស្លាប់ ហើយឧទ្ធម្ភាគចក្រយោធា បាននឹងកំពុងបញ្ជូនជំនួយសង្គ្រោះបន្ទាន់ទៅកន្លែងកើតហេតុ បន្ទាប់ពីតំបន់ Kaikoura ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រ ទើបទទួលរងគ្រោះដោយសាររញ្ជួយដីកម្រិតធ្ងន់ ៧.៨រ៉ិចទ័រ។
អាជ្ញាធរការពារស៊ីវិលរបស់ New Zealand បានអះអាងទាំងកណ្តាលយប់ឈានចូលថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ថា រលកយក្សស៊ូណាមិ អាចនឹងវាយប្រហារពីតំបន់ឆ្នេរក្នុងនោះក៏រួមទាំងទីក្រុងវ៉ាលីងតោន និងតំបន់ទីក្រុងទេសចរណ៍ Kaikoura ផងដែរ បន្ទាប់ពីតំបន់នេះទើបរងគ្រោះដោយសាររញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រនៅមុននេះ។
គ្រោះរញ្ជួយដីបានប្រហារកោះធំខាងត្បូង នៃប្រទេសនូវែលសេឡង់ នៅវេលាម៉ោង ០០៖០២នាទីយប់ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា បានបង្កជាការខូចខាតជាច្រើន ដូចបានឃើញតាមរយៈរូបភាព ប៉ុន្តែសម្រាប់ចំនួនមនុស្សស្លាប់ ឬរងរបួសនោះនៅមិនទាន់មានការរាយការណ៍បញ្ជាក់ច្បាស់នៅឡើយនោះទេ ខណៈប្រជាជនទាំងអស់ត្រូវបានអាជ្ញាធរប្រកាសឲ្យភៀសខ្លួនទៅកាន់ទីទួលខ្ពស់។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១១ គ្រោះរញ្ជួយកម្រិត៦.១រ៉ិចទ័រ បានវាយប្រហារទីក្រុង Christchurch ចម្ងាយពីតំបន់ខាងលើនេះ៩០គីឡូម៉ែត្រ និងបានសម្លាប់មនុស្ស ១៨៥នាក់ឯណោះ៕