(វ៉ាលីងតោន)៖ អាជ្ញាធរការពារស៊ីវិលរបស់ New Zealand បានអះអាងទាំងកណ្តាលយប់ឈានចូលថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ (ពេលវេលានៅ ទីក្រុងវ៉ាលីងតោន)ថា រលកយក្សស៊ូណាមិ នឹងវាយប្រហារពីតំបន់ឆ្នេរ East Cape ទៅ Southland ក្នុងនោះក៏រួមទាំងទីក្រុងវ៉ាលីងតោន និងប្រជុំកោះ Chatham ផងដែរ បន្ទាប់ពីតំបន់នេះ ទើបរងគ្រោះដោយសាររញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រនៅមុននេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីបានប្រហារកោះធំខាងត្បូង នៃប្រទេសនូវែលសេឡង់ នៅវេលាម៉ោង ០០៖០២នាទីយប់ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា បានបង្កជាការខូចខាតជាច្រើន ដូចបានឃើញតាមរយៈរូបភាពនៅមុននេះបន្តិច ប៉ុន្តែសម្រាប់ចំនួនមនុស្សស្លាប់ ឬរងរបួសនោះនៅមិនទាន់មានការរាយការណ៍នោះទេ ខណៈប្រជាជនទាំងអស់ត្រូវបាន អាជ្ញាធរប្រកាសឲ្យភៀសខ្លួនទៅកាន់ទីទួលខ្ពស់។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១១ គ្រោះរញ្ជួយកម្រិត៦.១រ៉ិចទ័រ បានវាយប្រហារទីក្រុង Christchurch ចម្ងាយពីតំបន់ខាងលើនេះ៩០គីឡូម៉ែត្រ និងបានសម្លាប់មនុស្ស ១៨៥នាក់ឯណោះ៕