(អាមេរិក)៖ ប៉ូលិសអាមេរិកឈានចូលដល់យប់ទី០៤ នៃការធ្វើបាតុកម្មប្រឆាំងនឹងអនាគតប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែកបាញ់លើក្រុមបាតុកររាប់ពាន់នាក់ ដែលពួកគេមួយចំនួនបានប្រើប្រាស់ដុំថ្ម និងដបទឹកសុទ្ធគប់ស្រោចមកលើកងកម្លាំងប៉ូលិសដូចភ្លៀងធ្លាក់។ នេះបើតាមការចេញផ្សាយ Daily Mail នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
បាតុកររាប់សិបនាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅទីក្រុង Portland នៃរដ្ឋអូរ៉េហ្គន ខណៈបាតុករមួយចំនួន បានអុកឡុកស្ថានការណ៍ឲ្យកាន់តែក្តៅខ្លាំង តាមរយៈការដុតសម្ភារៈនានា នាំឲ្យមានភ្លើងឆេះនិងផ្សែងហុយខ្មួលខ្មាញ់នៅតាមដងផ្លូវ។ ដោយឡែកមនុស្សជាង ៨,០០០នាក់ត្រូវបានគេអះអាងថា បានប្រមូលផ្តុំនៅទីលានកណ្តាល ទីក្រុងឡូសអាន់ជែឡែស ខណៈទីក្រុងផ្សេងទៀតដូចជា Atlanta, Salt Lake City, Washington DC, និង Phoenix ក៏ស្ថិតក្នុងភាពក្តៅគគុកដែរ នៅថ្ងៃអាទិត្យនេះ។
ងាកមកកាន់ទីក្រុង Indianapolis វិញក្រុមបាតុករបានស្រែកនូវឃ្លាដ៏គួរឲ្យព្រឺព្រួចថា «សម្លាប់ប៉ូលិសទៅៗ» ស្របពេលដែលពួកគេបានគប់ដុំថ្ម ដាក់មន្ត្រីប៉ូលិសទាំងនោះបន្ថែមទៀត៕